វៀត​ណាមត្រៀម​ អនុញ្ញាតឲ្យចូលតាម​ច្រកទ្វារព្រំដែនអន្តរជាតិ​បាវិត​ ខណៈ​និស្សិតអាហារូបករណ៍កម្ពុជា​ប្រមាណជិត៥០០នាក់ ដែលត្រូវ​បន្តការ​សិក្សា

ចែករំលែក៖

ភ្នំពេញ​ ៖​ និស្សិតអាហារូបករណ៍កម្ពុជា​ប្រមាណជិត៥០០នាក់ ដែលត្រូវចូលមក​បន្តការ​សិក្សានៅប្រទេសវៀតណាម​ តាមគម្រោងភាគីវៀត​ណាមត្រៀមអនុញ្ញាតឲ្យចូលតាមច្រកទ្វារព្រំដែនអន្តរជាតិ​បាវិត (ខេត្តស្វាយរៀង)- ម៉ុក​បាយ (ខេត្តតៃនិញ) នៅថ្ងៃទី១០ ខែ​មិថុនា ឆ្នាំ២០២០​ តែត្រូវដាក់ដោយ​ឡែក១៤ថ្ងៃទៅតាមការរៀបចំរបស់អាជ្ញាធរខេត្តតៃនិញ។

នេះបេីយោង​តាម​សេចក្តី​ប្រកាស​ជូន​ ដំណឹង​ពីឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលប្រកាសជូនដំណឹងបន្ទាន់នៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០២០​ ។

សេចក្តី​ជូន​ដំណឹង​បន្តថា​ និស្សិត សិក្ខាកាមយោធា និងសិក្ខាកាម​នគរបាល ដែលត្រូវចូលមកបន្តការសិក្សានៅប្រទេសវៀតណាម
តាមសំណើរបស់ស្ថានទូតកម្ពុជា ចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ ព្រមទាំង
សំណើផ្ទាល់ដល់ឯកឧត្តមឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស​វៀតណាម និងសំណើចុះថ្ងៃទី០១
ខែមិថុនា ឆ្នាំ២០២០ ក្រសួងអប់រំ និងបណ្តុះបណ្តាលវៀតណាម បានលើក​សំណើជូននាយករដ្ឋមន្ត្រីវៀត​ណាម ចុះថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ ដើម្បីពិនិត្យ និងសម្រេច ដែលមានខ្លឹមសារដូចខាងក្រោម៖

ពេលមកដល់វៀតណាម និស្សិត និងសិក្ខាកាមកម្ពុជាទាំងអស់ នឹងត្រូវដាក់​ដោយឡែក ១៤ថ្ងៃទៅតាមការរៀបចំរបស់អាជ្ញាធរខេត្តតៃនិញ។​ ចំពោះចំណាយផ្សេងៗ នៅពេលដាក់ដោយ​ឡែក១៤ ថ្ងៃ ក្រសួងអប់រំ និ​ងបណ្តុះ​បណ្តាលវៀតណាម បានស្នើនាយក​រដ្ឋមន្ត្រីវៀតណាម ពិនិត្យ និងសម្រេច​លើកលែងការចំណាយទាំងស្រុង ឬ បញ្ចុះការចំណាយមួយផ្នែក។

រាល់ និស្សិត សិក្ខាកាមយោធា និងសិក្ខាកាមនគរបាល ដែលត្រូវចូលមក​បន្តការសិក្សានៅប្រទេសវៀតណាម​ ទាំងអស់ជ្រាបជាព័ត៌មាន និងត្រៀមចូលតាមច្រកទ្វារខាងលើឲ្យបានទាន់ពេលវេលា​ ៕​ ដោយ​ ៖​ ជាយក្រុង​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print