ភ្នំពេញ៖ ខារ៉ាអូខេ ប៊ីហ្កាឌិន ក្លិបកម្សាន្តខ្លះ នៅលួចបើក បំពានលើបម្រាមក្រសួងទេសចរណ៍ ។ នេះបើតាមការបញ្ជាក់ពីខាងមន្ត្រីក្រសួងទេសចរណ៍ ស្រាវជ្រាវតាមដាន និងទទួលបានរបាយការណ៍ថា កន្លែងខារ៉ាអូខេ ប៊ីហ្កាឌិន ក្លិបកម្សាន្ត រង្គសាល និង ឌីស្កូតែកខ្លះ ក្នុងរាជធានីខេត្តមួយចំនួន នៅតែលួចបើក ក្នុងអំឡុងនៃការហាមឃាត់នៅឡើយ។ ក្រសួង ប្រាប់អាជ្ញាធរដែនដី ឲ្យចុះទៅបិទអាជីវកម្មទាំងនេះវិញ។
លោក តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ បានឱ្យថា៖«ក្រសួង បានស្នើសុំឲ្យអភិបាល [រាជធានី] ខេត្ត ត្រួតពិនិត្យលើអាជីវកម្មណា ដែលយើងហាមហ្នឹង ហើយលួចបើកក្នុងអំឡុងពេលកូវីដ-១៩។ អាជ្ញាធរដែនដី នឹងមានសមត្ថកិច្ចក្នុងការបិទ និងផ្អាកអាជីវកម្ម»។
រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន បានសរសេរលិខិតជូនទៅគ្រប់អភិបាលរាជធានីខេត្ត ដើម្បីប្រាប់ពីបញ្ហានេះ។ លោក លើកឡើងថា វិធានការរបស់ក្រសួងសុខាភិបាល ស្តីពីការបិទអាជីវកម្មខារ៉ាអូខេ ប៊ីហ្កាឌិន ក្លិបកម្សាន្ត រង្គសាល និង ឌីស្កូតែ នៅតែបន្តអនុវត្ត។
តាមរយៈលិខិតដែលធ្វើឡើងនៅថ្ងៃ៣ ខែមិថុនា លោករដ្ឋមន្រ្តី ស្នើឲ្យអភិបាលរាជធានីខេត្ត ត្រួតពិនិត្យនិងអនុវត្តវិធានការលើអាជីវកម្មប្រភេទទាំងនេះ តាមការណែនាំរបស់ក្រសួងសុខាភិបាល។
ដោយឡែក អ្នកនាំពាក្យរូបនេះ សង្កត់ធ្ងន់ថា ៖បើសមត្ថកិច្ចចុះទៅឃើញអាជីវកម្មប្រភេទទាំងនេះ លួចបើកទៀត សមត្ថកិច្ចនឹងចុះណែនាំ ផ្អាក និង បិទអាជីវកម្មនោះ ដោយរង់ចាំទាល់តែរាជរដ្ឋាភិបាលប្រកាសឲ្យបើកវិញ។ លោក បន្តថា ពេលវិស័យទេសចរណ៍កំពុងតែមានការងើបឡើងវិញ ក្រោយកម្ពុជាធូរស្បើយនឹងជំងឺកូវីដ១៩ ម្ចាស់ក្លិបកម្សាន្ត ខារ៉ាអូខេ និង ប៊ីហ្កាឌិន ក៏ចង់បើកអាជីវកម្មវិញដែរ។
លោក និយាយដូច្នេះថា៖«ក្រោយពីប្រទេសយើងបានព្យាបាល អ្នកជំងឺកូវីដ១៩ ជាសះស្បើយ ជិតអស់ទៅ អ៊ីចឹងប្រជាជនខ្លះក៏ចេញដើរលេង ជាហេតុធ្វើឲ្យអាជីវកម្មខារ៉ាអូខេ ឌីស្កូតែក ប៊ីហ្កាឌិនមួយចំនួន លួចបើកដំណើរការឡើងវិញ ខណៈរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និង ក្រសួងទេសចរណ៍ មិនទាន់ចេញប្រកាសឲ្យបើកដំណើរការវិញ»។
លោក អះអាងថា ការណ៍ដែលមិនទាន់ឲ្យបើកប្រភេទសេវាកម្មខាងលើ ក៏ព្រោះតែ កន្លែងទាំងអស់នោះ ជាកន្លែងដែលងាយនឹងឆ្លងជំងឺកូវីដ១៩។ លោក បញ្ជាក់ថា ក្រសួងនឹងប្រកាសឲ្យបើកដំណើរការវិញនៅពេលដែលស្ថានភាពធូរស្បើយវិញ។
សូមរម្លឹកថា៖ ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។
យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ ល។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។
យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន ២២៤៥៦ ស្មេីនឹង ១៣៥២ ក្នុង១លាននាក់៕
ដោយ៖ សហការី