កីឡាករ២នាក់របស់ក្លិប Benfica រងរបួសក្រោយការវាយប្រហារពីអ្នកគាំទ្រពេលកំពុងជិះក្នុងរថយន្ត

ចែករំលែក៖

សារព័ត៌មាន Reuters បានចេញផ្សាយកាលពីម្សិលមិញថា ក្លិប​បាល់ទាត់ Benfica ដែលមានមូលដ្ឋាននៅប្រទេសព័រទុយហ្គាល់បាន​ចេញ​សេចក្តីថ្លែងការណ៍​​ថា រថយន្តក្រុង​ដឹក​ក្រុម​កីឡាករ​របស់​ក្លិបបានរង​ការ​វាយប្រហារ​ដោយ​ដុំ​ថ្ម​ពី​សំណាក់​ក្រុម​អ្នកគាំទ្រ​បណ្តាល​ឱ្យ​កីឡាករ២​នាក់​រង​របួស​ ក្រោយពេលប្រកួតចប់ជាមួយក្រុម Tondela ក្នុងលទ្ធផល០ទល់០។

ក្លិប​ជើងឯក​លី​ក​កំពូលព័រទុយហ្គាល់ Primeira Liga ៣៧​សម័យកាល​មួយ​នេះ បាន​បញ្ជាក់​ថា ​ខ្សែបម្រើ​អា​ល្លឺ​ម៉​ង់ Julian Weigl ​និង​ខ្សែបម្រើ​ស្លាប​ស៊ែ​ប៊ី Andrija Zivkovic បាន​រង​របួស​ដោយសារ​អំបែង​កញ្ចក់រថយន្ត ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យក្នុង​ទីក្រុង Lisbon​។

សេចក្តីថ្លែងការណ៍ដដែលបាន​បន្ត​ថា ក្លិប​បាន​ថ្កោលទោស និង​សោកស្តាយ​យ៉ាង​ខ្លាំង ចំពោះ​ការ​គប់​ដុំ​ថ្ម​មក​លើ​រថយន្ត​របស់​កីឡាករ​ដែលកំពុងជិះ។ ​បច្ចុប្បន្ន ក្លិប​កំពុង​ធ្វើ​កិច្ចសហការ​ជាមួយ​អាជ្ញាធរ ដើម្បី​ប្តឹង​ឧទ្ធរណ៍ និង​ឈាន​ទៅ​ដល់​ការ​កំណត់​អត្តសញ្ញាណ​អ្នក​ប្រព្រឹត្ត ឱ្យមក​ទទួលខុសត្រូវ​ចំពោះ​បទឧក្រិដ្ឋ​នេះ​។

សូមបញ្ជាក់ថា ​ក្រប​ខណ្ឌ Primeira Liga របស់ព័រទុយហ្គាល់​ទើបតែ​ចាប់ផ្តើមប្រកួតឡើងវិញកាលពីថ្ងៃទី៣ ក្រោយពីផ្អាកដោយសារកូវីដ១៩។ បន្ទាប់​ពីប្រកួត​ស្មើក្នុងហេតុការណ៍ខាងលើ ​ក្រុម Benfica បន្ត​ឈរ​នៅ​កំពូល​តារាង ប៉ុន្តែ​ស្មើ​ពិន្ទុ​គ្នា​ជាមួយ​ក្រុម​លេខ​២ Porto ចំនួន៦០​ពិន្ទុគិត​ត្រឹម​ស​ប្តា​ហ៍​ទី​២៥ ដោយគ្រាន់តែលើសចំនួនគ្រាប់បាល់ស៊ុតបញ្ចូលទីប៉ុណ្ណោះ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print