សារព័ត៌មាន Reuters បានចេញផ្សាយកាលពីម្សិលមិញថា ក្លិបបាល់ទាត់ Benfica ដែលមានមូលដ្ឋាននៅប្រទេសព័រទុយហ្គាល់បានចេញសេចក្តីថ្លែងការណ៍ថា រថយន្តក្រុងដឹកក្រុមកីឡាកររបស់ក្លិបបានរងការវាយប្រហារដោយដុំថ្មពីសំណាក់ក្រុមអ្នកគាំទ្របណ្តាលឱ្យកីឡាករ២នាក់រងរបួស ក្រោយពេលប្រកួតចប់ជាមួយក្រុម Tondela ក្នុងលទ្ធផល០ទល់០។
ក្លិបជើងឯកលីកកំពូលព័រទុយហ្គាល់ Primeira Liga ៣៧សម័យកាលមួយនេះ បានបញ្ជាក់ថា ខ្សែបម្រើអាល្លឺម៉ង់ Julian Weigl និងខ្សែបម្រើស្លាបស៊ែប៊ី Andrija Zivkovic បានរងរបួសដោយសារអំបែងកញ្ចក់រថយន្ត ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងទីក្រុង Lisbon។
សេចក្តីថ្លែងការណ៍ដដែលបានបន្តថា ក្លិបបានថ្កោលទោស និងសោកស្តាយយ៉ាងខ្លាំង ចំពោះការគប់ដុំថ្មមកលើរថយន្តរបស់កីឡាករដែលកំពុងជិះ។ បច្ចុប្បន្ន ក្លិបកំពុងធ្វើកិច្ចសហការជាមួយអាជ្ញាធរ ដើម្បីប្តឹងឧទ្ធរណ៍ និងឈានទៅដល់ការកំណត់អត្តសញ្ញាណអ្នកប្រព្រឹត្ត ឱ្យមកទទួលខុសត្រូវចំពោះបទឧក្រិដ្ឋនេះ។
សូមបញ្ជាក់ថា ក្របខណ្ឌ Primeira Liga របស់ព័រទុយហ្គាល់ទើបតែចាប់ផ្តើមប្រកួតឡើងវិញកាលពីថ្ងៃទី៣ ក្រោយពីផ្អាកដោយសារកូវីដ១៩។ បន្ទាប់ពីប្រកួតស្មើក្នុងហេតុការណ៍ខាងលើ ក្រុម Benfica បន្តឈរនៅកំពូលតារាង ប៉ុន្តែស្មើពិន្ទុគ្នាជាមួយក្រុមលេខ២ Porto ចំនួន៦០ពិន្ទុគិតត្រឹមសប្តាហ៍ទី២៥ ដោយគ្រាន់តែលើសចំនួនគ្រាប់បាល់ស៊ុតបញ្ចូលទីប៉ុណ្ណោះ ៕