សម្តេចតេជោ ហ៊ុន សែន បន្តរំលឹកអោយមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ-១៩ បន្ទាប់ពីមើលឃើញពលរដ្ឋហាក់មានការធ្វេសប្រហែស

ចែករំលែក៖

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តរំលឹកអោយមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺឆ្លងកូវីដ-១៩ ដែលកំពុងរាតត្បាតនៅក្នុង២១៦ប្រទេស ទូទាំងពិភពលោក បន្ទាប់ពីមើលឃើញ ថា ប្រជាពលរដ្ឋមួយចំនួនហាក់មានការធ្វេសប្រហែស នោះ ។

តាមរយៈហ្វេសប៊ុកផេក នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០ នេះ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ ថា «ខ្ញុំសូមរំឮកដាស់តឿនដល់បងប្អូនជនរួមជាតិទូទាំងប្រទេស សូមមានការប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ចចំពោះជំងឺឆ្លងផ្លូវដង្ហើមកូវីដ១៩ ដែលកំពុងរាតត្បាតនៅក្នុង២១៦ប្រទេសនៅទូទាំងពិភពលោក ។ កូវីដ១៩ ជាជំងឺឆ្លងរាតត្បាតដ៏កាចសាហាវបំផុត ដែលពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ»។

នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍បន្តថា កូវីដ១៩ បានបន្តឆ្លង និង សម្លាប់មនុស្សជារៀងរាល់ថ្ងៃ ។ ទោះអត្រាឆ្លងរោគកូវីដ១៩ នៅកម្ពុជាយើងមានកម្រិតទាប ហើយចំនួនអ្នកព្យាបាលបានជាសះស្បើយច្រើនមែន ក៏ប៉ុន្តែយើងមិនត្រូវបណ្តោយខ្លួនធ្វេសប្រហែសមើលស្រាលលើជំងឺឆ្លងរាតត្បាតមួយនេះដាច់ខាត ។ សូមដាក់តាមខ្លួនជាប់ជាប្រចាំនូវម៉ាស និង លាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល និង ជេល ។

សម្តេចតេជោ ហ៊ុន សែន សូមអោយអាជ្ញាធរនិងសមត្ថកិច្ចទទួលខុសត្រូវបន្តពិនិត្យទៅតាមភោជនីយដ្ឋាន ផ្សារតូចធំ ទីកន្លែងប្រជុំជន និងកន្លែងបណ្តុំក្រុមមនុស្សច្រើន អំពីការអនុវត្តន៍អនាម័យប្រចាំថ្ងៃ ដែលត្រូវតែមានទឹកអាល់កុល និងជេលលាងដៃសម្រាប់អតិថិជន ជាពិសេសគឺនៅតាមគ្លីនិកព្យាបាលជំងឺ និង មន្ទីរពេទ្យគឺត្រូវតែមានជេល ឬ ទឹកអាល់កុល និងម៉ាសសម្រាប់មនុស្សចេញចូលក្នុងមន្ទីរពេទ្យប្រើប្រាស់ ដើម្បីការពារការឆ្លងរាលដាលមេរោគពីម្នាក់ទៅម្នាក់បានដោយសារតែការធ្វេសប្រហែសគ្មានការប្រុងប្រយ័ត្ន។

សូមបងប្អូនជនរួមជាតិបន្តសហការជាមួយក្រសួងសុខាភិបាល មន្ទីរពេទ្យ និងរាយការណ៍ជាបន្ទាន់មកលេខ១១៥ ប្រសិនបើមានការសង្ស័យណាមួយអំពីជំងឺឆ្លងកូវីដ១៩ ហើយសូមតាមដាននិងស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលជាប្រចាំអំពីវិធីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩។

សម្តេច ក៏សូមអរគុណដល់អ្នកសាព័ត៌មាន វិទ្យុ ទូរទស្សន៍ និងភ្នាក់ងារផ្សព្វផ្សាយអនឡាញ ដែលបានចូលរួមផ្សព្វផ្សាយព័ត៌មានកូវីដ១៩ទាន់ហេតុការណ៍ និងអំពីវិធីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ នៅទូទាំងប្រទេស ផងដែរ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print