ក្រុមបាល់ទាត់Bayern Munichត្រូវការជ័យជម្នះតែ២ប្រកួតទៀតប៉ុណ្ណោះដើម្បីគ្រងជើងឯកក្របខណ្ឌកំពូលរបស់អាល្លឺម៉ង់ បន្ទាប់ពីពួកគេបានយកឈ្នះលើក្រុមLeverkusen ដោយលទ្ធផល4-2កាលពីយប់មិញ។
៤គ្រាប់របស់ក្រុមភ្ញៀវBayern Munich បានកើតចេញពីកីឡាករ Kingsley Coman, Leon Goretzka និង Serge Gnabryនៅក្នុងតង់ទី១ហើយខ្សែប្រយុទ្ធRobert Lewandowskiរកបានមួយគ្រាប់បន្ថែមទៀតនៅក្នុងតង់ទី២ ដែលធ្វើឲ្យ Bayern Munich បន្តឈរកំពូលតារាងមាន៧០ពិន្ទុក្នុងចំណោម៣០ប្រកួត ហើយនៅសល់តែ៤ប្រកួតទៀតប៉ុណ្ណោះ កម្មវិធីអាល្លឺម៉ង់Bundesligaនឹងត្រូវបញ្ចប់។ Bayern Munichមានពិន្ទុលើក្រុមលេខ២ ចំនួន៧ពិន្ទុ។
គួរបញ្ជាក់ថាក្រុម Bayern Munichចាញ់តែ២ប្រកួតប៉ុណ្ណោះក្នុងចំណោម២៦ប្រកួតចាប់តាំងពីលោក Hansi Flick មកជំនួសតំណែងរបស់គ្រូបង្វឹកចាស់ Niko Kovacកាលពីខែវិច្ចកា៕
...
ដោយ៖ ភិរក្ស