អាមេរិក÷មកដល់ពេលនេះប្រជាជនអាមេរិកកាន់តែច្រើននាំគ្នាចូលរួមធ្វើបាតុកម្មទាមទារយុត្តិធម៌សម្រាប់ជនរងគ្រោះស្បែកខ្មៅម្នាក់គឺលោក George Floyd ក្នុងទីក្រុងMinneapolis ដោយសារទង្វើរបស់ប៉ូលិសនាថ្ងៃទី២៥ ខែឧសភា សង្កត់កលោករហូតបាត់បង់ជីវិតដែលករណីនេះបានបង្កឲ្យក្រុមបាតុករទាមទារឲ្យសង្គមអាមេរិកឈប់រើសអើងពូជសាសន៍បែបនេះតទៅទៀត។
ការទាមទារនេះ ធ្វើឲ្យលោត្រាំប្រធានាធិបតីអាមេរិកព្រមានប្រើប្រាស់កម្លាំងយោធា ដើម្បីទប់ស្កាត់ការតវ៉ារបស់ប្រជាជនអាមេរិក។
វិធានការណ៍លោកត្រាំបែបនេះហាក់ដូចជាបញ្ឆេះកំហឹង មហាសេដ្ឋី នាយកប្រត្តិបត្តិអង្គកាធំៗមួយចំនួន ជាពិសេសកីឡាករបាល់បោះល្បីឈ្មោះ បានប្រកាសពីជំហររបស់ខ្លួនក្នុងការបរិច្ចាគទឹកប្រាក់ជាច្រើនលានដុល្លារ របស់ខ្លួនដើម្បីលុបបំបាត់ការរើសអើងពូជសាសន៍។
លោក Mark Zuckerberg ជាមហាសេដ្ធីនិងជាប្រធានក្រុមហ៊ុនមួយបានសរសេរនៅលើគណនីនៃបណ្តាញសង្គមរបស់ខ្លួន នាថ្ងៃទី១ ខែមិថុនានេះថា ក្រុមហ៊ុនរបស់លោកសន្យានឹងបរិច្ចាគប្រាក់ ១០លានដុល្លារ សម្រាប់អង្គការណាមួយ ដែលមានយុទ្ធនាការប្រឆាំងការប្រកាន់ពូជសាសន៍។
ចំណែកនាយកប្រតិបត្តិបណ្តាញសង្គមTwitter លោកJack Dorsey ក៏បានសរសេរនៅលើគណនីនៃបណ្តាញសង្គម Twitter របស់ខ្លួនដែរថា លោកបានបរិច្ចាគទឹកប្រាក់ចំនួន ៣លានដុល្លារទៅឲ្យយុទ្ធនាការ « Know Your Right Camp» របស់សកម្មជនសិទ្ធិស៊ីវិល និងជាអតីតកីឡាបាល់ឱប លោកColin Kaepernick សម្រាប់ជាមូលនិធិអប់រំ ការលើកកម្ពស់សិទ្ធិបុគ្គល។
ជាមួយនេះដែរនាយកប្រតិបត្តិក្រុមហ៊ុនApple លោក Tim Cook បានសន្យាថា នឹងផ្តល់ថវិកាមួយចំនួនធំទៅដល់ក្រុមសិទ្ធិមនុស្ស និងគណៈកម្មាធិការគ្មានប្រាក់ចំណូលសម្រាប់ប្រយុទ្ធប្រឆាំងការរើសអើងពូជសាសន៍ ការពារសិទ្ធិមនុស្ស និងការពារជនងាយរងគ្រោះនៅក្នុងសង្គមអាមេរិក តែលោក Cook មិនបានបញ្ជាក់ពីទំហំទឹកប្រាក់ ដែលត្រូវបរិច្ចាគប៉ុន្មាននោះទេ។
អ្វីដែលគួរឲ្យកត់សម្គាល់ទៀតនោះគឺបើតាមបញ្ជាក់របស់លោកស្រី Estee Portnoy អ្នកនាំពាក្យMichael Jordan នាថ្ងៃទី៦ ខែមិថុនានេះថា សេដ្ឋីអាមេរិក កីឡាបាល់បោះ Michael Jordan និង Jordan បានប្រកាសរួចហើយពីការបរិច្ចាគទឹកប្រាក់ចំនួន ១០០លានដុល្លារ ក្នុងរយៈពេល ១០ឆ្នាំសម្រាប់អង្គការមួយចំនួន ដើម្បីធានាពីសមភាពពូជសាសន៍ប្រយោជន៍រកយុត្តិធម៌ជូនសង្គម៕