បាតុកម្មលុតជង្គង់ និងបាតុកម្មដេក កំពុងតែពេញនិយមនៅអាមេរិកដើម្បីទាមទាររកយុត្តិធម៌ឱ្យជនរងគ្រោះនិងបញ្ចប់ការរើសអើងជាតិសាសន៍។
ពលរដ្ឋអាមេរិក រាប់សិបពាន់នាក់បានប្រមូលផ្តុំគ្នានៅមុខសារមន្ទីរក្នុងទីក្រុង Philadelphia ដោយនាំគ្នាដេកពេញនៅខាងមុខ ហើយស្រែកនូវពាក្យថា«ខ្ញុំមិនអាចដកដង្ហើមបានឡើយ» ដើម្បីទាមទាររកយុត្តិធម៌ឱ្យGeorge Floyd។
ក្រុមបាតុករ បានដេកផ្កាប់មុខ ដាក់ដៃទាំងពីរលើខ្នង ដូចត្រូវជាប់ខ្នោះ រយៈពេល៨នាទី ដែលជាពេលវេលាដែលជនរងគ្រោះGeorge Floyd ត្រូវប៉ូលិសសង្កត់ករហូតដល់ស្លាប់ ។ ក្រុមបាតុករបាននាំគ្នាស្រែកថា«ខ្ញុំមិនអាចដកដង្ហើមបានឡើយ»។
បាតុកម្ម បានចាប់ផ្តើមឡើងនៅថ្ងៃត្រង់ ថ្ងៃទី៦ខែមិថុនា(ពេលវេលានៅអាមេរិក) នៅមុខសារមន្ទីរសីល្បៈ ។ ជាមួយគ្នានោះក្រុមបាតុករបានលើកបដាដោយមានសរសេរថា គ្មានយុត្តិធម៌ គឺគ្មានសន្តិភាពនោះឡើយ។
បុរសជនជាតិស្បែកខ្មៅ George Floyd បានស្លាប់ដោយសារតែប៉ូលិសយកជង្គង់សង្កត់ករហូតដល់ជិត៩នាទីធ្វើឲ្យគាត់មិនអាចដកដង្ហើមបានរហូតដាច់ខ្យល់ស្លាប់។តាំងពីពេលនោះមក គឺមានបាតុកម្មកើតឡើងជាបន្តបន្ទាប់បង្កឲ្យមានអំពើហិង្សាទៀតផង។បាតុកម្មបានរាលដាលដល់ប្រទេសជាច្រើនជុំវិញពិភពលោកដេលមាន ក្រុមជនជាតិស្បែកខ្មៅរស់នៅ៕