ស្ថានភាពឆ្លងរាលដាលកូវីដ១៩នៅលើពិភពលោកមានសញ្ញាកើនឡើង ដដែល ហើយអាចនឹងកើនឡើងខ្ពស់ ជាងមុនទៀត ដោយសារតែប្រទេសជាច្រើនបានបើកទ្វារសេដ្ឋកិច្ច ។ ជាមួយគ្នានេះមានបាតុកម្មនៅគ្រប់ទិសទី ជុំវិញពិភពលោក ពិសេសគឺអាមេរិក។
យោងតាមគេហទំព័រ Worldometers បានផ្សាយថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី ៨ ខែមិថុនា ចំនួនអ្នកឆ្លងកូវីដ១៩នៅលើពិភពលោក កើនឡើងដល់ 7.078.988 និងស្លាប់កើនឡើងដល់ 404.975 នាក់ស្លាប់។ ចំណែក អ្នកឆ្លងកូវីដ ១៩ ព្យាបាលជាសះស្បើយក៏បានកើនឡើងដល់3.453.487 នាក់ផងដែរ ។
អាមេរិកនៅតែជាប្រទេស លំដាប់ទី១លើពិភពលោក ដោយក្នុងរយៈពេល២៤ម៉ោងកន្លងមក អាមេរិកមានអ្នកឆ្លងកូវីដ១៩ថ្មី18.514 នាក់ និងស្លាប់៣៧០នាក់ ធ្វើឲ្យចំនួនអ្នកឆ្លងសរុបនៅអាមេរិកកើនឡើង 2.007.058 នាក់ និងស្លាប់កើនឡើងដល់ 112.466 នាក់។
ចំនួនអ្នកឆ្លងនៅអាមេរិក មានសញ្ញាកើនឡើងខ្ពស់ ក្រោយរដ្ឋជាច្រើនបានបើកទ្វារដំណើរការសេដ្ឋកិច្ច ហើយពេលនេះមានបាតុកម្មគ្រប់ដណ្តប់នៅទូទាំងអាមេរិកទៀត ជាសញ្ញាកើនឡើងខ្ពស់។
បន្ទាប់ពីអាមេរិក គឺប្រេស៊ីល ជាប្រទេសមានករណីឆ្លងច្រើនលំដាប់ទីពីរ នៅលើពិភពលោក ដោយប្រទេសនេះមានករណីឆ្លងថ្មី ក្នុងរយៈពេល ២៤ម៉ោង មាន16.722នាក់ និងអ្នកស្លាប់ ៤៥៤នាក់ ធ្វើឲ្យអ្នកឆ្លងសរុបកើនឡើង ដល់ទៅ 690.309 នាក់ និងស្លាប់សរុប 36.411នាក់។
ប្រទេសទី៣គឺប្រទេសរុស្ស៊ីមានអ្នកឆ្លង 8.984 និងស្លាប់ កើនឡើង ១៣៤នាក់ក្នុងរយៈពេល២៤ម៉ោង ធ្វើឲ្យអ្នកឆ្លងសុរប 467.673 នាក់ និង ស្លាប់សរុប5.859 នាក់៕