ប្រធានក្លឹប Atletico Madrid លោក Enrique Cerezo ជឿជាក់ថា ក្រុមរបស់គាត់អាចឈ្នះពានរង្វាន់ Champions League បានដោយគ្មានអ្នកគាំទ្រ។នេះបើយោងតាម livescore ផ្សាយនៅថ្ងៃចន្ទនេះ ។
លោក Cerezo បាននិយាយថា “នៅក្នុងលីគយើងស្ថិតក្នុងស្ថានភាពលំបាកហើយនៅ Champions យើងល្អណាស់។ ការប្រកួត២-៣ប្រកួតនៅឆ្ងាយពីការឈានដល់វគ្គផ្តាច់ព្រ័ត្រដែលជាកន្លែងដែលយើងចង់ក្លាយជាជើងឯក ។
លោក Cerezo បានបន្ថែមថា “គាត់ (គ្រូបង្វឹក Simeone) មានភាពស្ងប់ស្ងាត់និងមានទំនុកចិត្តលើអ្វីដែលគាត់បានធ្វើហើយនឹងដឹកនាំយើង ឲ្យ ឈានទៅរកចំណាត់ថ្នាក់កំពូលទាំង៤” ។
ក្រុម Atletico Madrid បានទម្លាក់ក្រុមម្ចាស់ជើងឯក Liverpool ក្នុងវគ្គ១៦ក្រុមបានឡើងទៅលេងវគ្គ៨ក្រុមចុងក្រោយពេលដែលក្របខ័ណ្ឌ Champions League ត្រូវបានផ្អាកដោយសារតែការរីករាលដាលនៃមេរោគកូរ៉ូណាកាលពីខែមីនា។
Atletico បានចាញ់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League ចំនួន២លើកក្រោមការដឹកនាំរបស់លោក Diego Simeone កាលពីឆ្នាំ២០១៤ និងឆ្នាំ២០១៦ ប៉ុន្តែ Cerezo បានប្រាប់ Movistar ថា “យើងពិតជាពិសេសណាស់យើងអាចឈ្នះពានរង្វាន់ Champions League ដោយគ្មានទស្សនិកជន។ វាអាចជាឆ្នាំរបស់យើង” ។
ទន្ទឹមនឹងនេះ Atletico នឹងធ្វើដំណើរទៅកាន់ទឹកដីក្រុម Athletic Bilbao នៅថ្ងៃទី១៤ ខែមិថុនា សម្រាប់ការប្រកួតលីគកំពូលអេស្ប៉ាញឡើងវិញ លេងដោយគ្មានទស្សនិកជន ។
ក្រុមរបស់លោក Simeone កំពុងឈរនៅចំណាត់ថ្នាក់លេខ៦ ក្នុងតារាងដោយនៅសល់ ១១ ប្រកួតទៀតគឺនៅពីក្រោយក្រុម Real Sociedad និងស្ថិតក្នុង៨ក្រុមចុងក្រោយវគ្គជម្រុះ Champions League រដូវកាលនេះ។
សូមបញ្ជាក់ថា ក្របខ័ណ្ឌ Champions League អាចនឹងចាប់ផ្តើមឡើងវិញនៅខែសីហា ដោយក្របខ័ណ្ឌ Bundesliga កំពុងលេង ហើយLa Liga, Premier League និង Serie A ត្រៀមវិលត្រឡប់មកវិញនៅខែនេះ ៕ដោយ៖ភារៈ