ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ ២០២០នេះ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង បរិស្ថានកំពុងដឹកនាំប្រតិភូក្រសួងបរិស្ថាន និងក្រុមអ្នកសារព័ត៌មានក្នុងស្រុកមួយក្រុមទៅទស្សនាដែនជម្រក សត្វព្រៃគូលែនព្រហ្មទេពនិងដែនជម្រកសត្វព្រៃឆែបក្នុងខេត្តព្រះវិហារនិងតំបន់អភិរក្សសត្វខ្សឹបក្នុងស្រុកស្ទោងខេត្ដកំពង់ធំ នៅថ្ងៃទី ៩-១០ ខែមិថុនា ឆ្នាំ ២០២០។
ក្នុងកំឡុងពេលទស្សនកិច្ចនៅខេត្តព្រះវិហារ គណៈប្រតិភូនឹងជួបសំណេះសំណាលជាមួយសហគមន៍មូលដ្ឋាន ដើម្បីស្វែងយល់ពីផលិតកម្មស្រូវសរីរាង្គមិតុ្តភាពសត្វព្រៃ សហគមន៍អេកូទេសចរណ៍ធម្មជាតិ និងការអភិ រក្សសត្វស្លាបធំៗដែលជិតផុតពូជបំផុត រួមទាំងបក្សី ជាតិរបស់កម្ពុជាគឺសត្វត្រយងយក្ស នៅក្នុងតំបន់ការពារ ធម្មជាតិ ភូមិសាស្ត្រខេត្តព្រះវិហារ។ នៅខេត្ដកំពង់ធំ គណៈប្រតិភូនឹងសិក្សាស្វែងយល់អំពីគម្រោងអភិរក្ស សត្វខ្សឹប និងពិភាក្សារកវិធីសាស្ត្រថាតើការងារកសិកម្ម និងការងារអភិរក្សអាចអនុវត្តរួមគ្នាបានយ៉ាងដូច ម្តេច។ សកម្មភាពទាំងនេះកំពុងត្រូវបានអនុវត្តរួមគ្នាដោយ អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) និងគម្រោង USAID ព្រៃឡង់បៃតង (USAID GPL) សហការជាមួយក្រសួង បរិស្ថាន។
ក្នុងដំណើរទស្សនកិច្ចនេះគណៈប្រតិភូនឹងអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើការផ្តល់ជំនួយបន្ថែម ដោយគម្រោងUSAID ព្រៃឡង់បៃតង ដល់អង្គការសន្សំម្លប់ព្រៃ (SMP) ដែលជាអង្គការកសិកម្មក្នុងស្រុកមួយធ្វើការងារផ្នែកការពារបរិស្ថាន និងសត្វព្រៃតាមរយៈការជំរុញវិស័យកសិកម្មបែបជួយការពារសត្វព្រៃនៅក្នុងសហគមន៍ដែលរស់នៅក្នុងនិងជុំវិញតំបន់ការពារធម្មជាតិក្នុងប្រទេសកម្ពុជា។
លោកស្រី Veena Reddy នាយកបេសកកម្មទីភ្នាក់ងារជំនួយអាមេរិក (USAID) ប្រចាំកម្ពុជា បានកត់សម្គាល់ថា “ទីភ្នាក់ងារជំនួយអាមេរិក (USAID) ប្រចាំប្រទេសកម្ពុជាមានសេចក្តីរីករាយក្នុងការបន្តការគាំទ្ររបស់យើង ជាពិសេសក្នុងកំឡុងពេលជំងឺរាតត្បាតកូវីដ ១៩ ដើម្បីបង្កើតការងារ ធ្វើឱ្យប្រសើរឡើងនូវជីវភាព រស់នៅ និងអភិរក្សបេតិកភណ្ឌធម្មជាតិនិងវប្បធម៌របស់ប្រទេសកម្ពុជានៅក្នុងនិងជុំវិញតំបន់ការពារធម្មជាតិ
តាមរយៈការគាំទ្រដល់ផលិតកម្មស្រូវសរីរាង្គមិត្តភាពសត្វព្រៃនិងសហគមន៍អេកូទេសចរណ៍ធម្មជាតិ។ ”
លោក នេត្រ ភក្ត្រា មានប្រសាសន៍ថា ៖ «ក្នុងនាមក្រសួងបរិស្ថាន ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល សម្រេចបានក្នុងរយៈពេលកន្លងមកក្រោមកិច្ចសហការរវាងក្រសួងបរិស្ថាន និងអង្គការដៃគូពាក់ព័ន្ធនានាក្នុង កិច្ចខិតខំប្រឹងប្រែងការពារនិងអភិរក្សធនធានធម្មជាតិនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ឆ្លៀតឱកាសនេះ ខ្ញុំ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការដៃគូនិងម្ចាស់ជំនួយ ជាពិសេស USAID ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជានៅក្នុងការងារអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះនៅកម្ពុជាឱ្យនៅ គង់វង្សសម្រាប់មនុស្សជំនាន់ក្រោយបន្តទៀត»។
លោក កែន សេរីរដ្ឋា នាយកអង្គការ WCS ប្រចាំនៅកម្ពុជា មានប្រសាសន៍ថា “ដោយមាន ការគាំទ្រជាបន្តបន្ទាប់ពីម្ចាស់ជំនួយរបស់យើង អង្គការWCSសម្រេចបានសមិទ្ធិផលការងារ អភិរក្ស យ៉ាង ច្រើនគួរឱ្យកត់សម្គាល់ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ យើងមានមោទនភាពចំពោះកិច្ចខិតខំប្រឹងប្រែង ទាំងនេះ ហើយយើងសូមថ្លែងអំណរគុណចំពោះការគាំទ្ររបស់ ក្រសួងបរិស្ថាន មន្ទីរបរិស្ថានខេត្ត និងអាជ្ញាធរមូលដ្ឋាន ដែលធ្វើឱ្យយើងទាំងអស់គញនាអាចសំរេចបាននូវគោលដៅរួមរយៈពេលវែងរបស់យើងក្នុងការងារអភិរក្សនិងអភិវឌ្ឍន៍សហគមន៍។”
អំពីគម្រោង USAID ព្រៃឡង់បៃតង
គម្រោង USAID ព្រៃឡង់បៃតងលើកកម្ពស់ការអភិវឌ្ឍដែលមិនប៉ះពាល់ដល់បរិស្ថាន និងការគ្រប់គ្រង ប្រកបដោយនិរន្តភាពនៃតំបន់ទេសភាពព្រៃឡង់ និងតំបន់ជុំវិញតាមរយៈការផ្តោតលើសហគមន៍ ការអភិរក្ស និងអភិបាលកិច្ច។ គម្រោង USAID ព្រៃឡង់បៃតង (USAID GPL) មានរយះពេល ៥ឆ្នាំ និងទទួលបាន មូលនិធិពីទីភ្នាក់ងារជំនួយអាមេរិក USAID៕
ដោយ៖ សហការី