យុវជន៣នាក់ ជំនាញខាងលួច​អីវ៉ាន់​ អាជីវករក្នុង​ផ្សារ​ប៉ា​ហ៊ី ចុងក្រោយជាប់ខ្នោះ

ចែករំលែក៖

ខេត្តប៉ៃលិន​៖ ​កម្លាំងនគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ប៉ៃលិន សហការជាមួយកម្លាំង​សន្តិសុខ​ផ្សារ​សាមគ្គី ហៅ​ផ្សារ​ប៉ា​ហ៊ី ក្រុងប៉ៃលិន បានចាប់ឃាត់ខ្លួនយុវជន៣នាក់ ដែលតែងតែធ្វើសកម្មភាពលួចលួច​អីវ៉ាន់​ របស់អាជីវករក្នុង​ផ្សារនៅពេលយប់ នាំយកមកសាកសួរ ដើម្បីបន្តនីតិវិធី ។

ការឃាត់ខ្លួនយុវជនទាំង៣នាក់នេះ បានធ្វើឡើងកាលពី​វេលា​ម៉ោង​០០​និង​០៥​នាទីរំលង​អាធ្រាត្រឈាន​ចូល​ថ្ងៃ​ទី​០៩ ខែ​មិថុនា ឆ្នាំ​២០២០ស្ថិត​ក្នុង​ភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន។

​លោក​វរសេនីយ៍ទោ យ៉ែម សារិទ្ធ អធិការ​នគរបាល​ក្រុងប៉ៃលិន បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុសទាំង​០៣​នាក់នោះ ទី១មានឈ្មោះ ផេង សុ​ភ័​ក្រភេទ​ប្រុស អាយុ​១៥​ឆ្នាំ មុខរបរ​សិស្ស ទីលំនៅ​ភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន។ ​ទី២.​ឈ្មោះ វីន ឌី​អាណាន់ ភេទ​ប្រុសអាយុ​១៥​ឆ្នាំ មុខរបរ​សិស្ស ទីលំនៅ​ភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។ និង​ទី​៣.​ឈ្មោះ នី សុខ​ធី​ន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​ជាង​មាស ទីលំនៅ​ភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន រួម​នឹង​ដកហូតបានម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម សេរី​ឆ្នាំ​២០១៧ ពណ៌​ខ្មៅ ស្លាក​លេខ ប៉ៃលិន ១B-៣៥៦៤ ដែល​ពួកគេ​ជិះ​ទៅ ធ្វើ​សកម្មភាព។

លោក​អធិការ បាន​បន្ត​ថា មុនពេលឃាត់ខ្លួនជនសង្ស័យ ក្រោយពី​ទទួល​ព័ត៌មាន​ពី​កម្លាំង​សណ្ដាប់ធ្នាប់​ការពារ​សន្តិសុខ​ផ្សារ​សាមគ្គី ថា​មាន​ក្មេងៗ​សង្ស័យ​ចំនួន​៣​នាក់ បម្រុង​ធ្វើ​សកម្មភាព​លួច​គាស់​តូប​អាជីវករ ។ ភ្លាមនោះកម្លាំងសមត្ថកិច្ច​នគរបាល​វេន​ប្រចាំ​បញ្ជា នៃ​អធិការដ្ឋាន​នគរបាល​ក្រុងប៉ៃលិន បាន​សហការ​ជាមួយ​ប៉ុស្តិ៍​រដ្ឋបាល​ប៉ៃលិន ចុះ​ធ្វើ​ការ​នាំ​ខ្លួន​ក្មេង​សង្ស័យ​ទាំងនោះយក​មក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុងប៉ៃលិន ដើម្បី​ស្រាវជ្រាវ​រក​បក្ខពួក​ប​ន្ថែ​ម​ទៀត​ ។

លោក​អធិការ​បញ្ជាក់​ទៀតថា​ ក្នុងចំណោម​០៣​នាក់នោះ មាន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ផេង សុ​ភ័​ក្រ បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ធ្លាប់​បានចូល​ទៅ​លួច​ឥវ៉ាន់ នៅ​ក្នុង​ផ្សារ​សាមគ្គី​ចំនួន​០២​ដង​រួច​មក​ហើយ ដោយ​លើក​ទី​០១ គឺ​មាន​បក្ខពួក​ចំនួន​០២​នាក់ ឈ្មោះ កែវ ភេទ​ប្រុស និង​ម្នាក់ទៀត​មិន​ស្គាល់​ឈ្មោះ បាន​ចូល​ទៅ​លួច​គាស់​តូប​លក់​ខោអាវ​ក្នុង​ផ្សារ​សាមគ្គី​តាំង​ពី​ឆ្នាំ​២០១៩ និង​លើក​ទី​០២ គឺ​ចូល​លួច​ដែក​បាន​ចំនួន​០២​ដើម​តាំងពី​ឆ្នាំ​២០១៩។

ក្រោយពី​ការសាកសួរ ពួកគេទាំង​០៣ បាន​ឆ្លើយ​សារ​ភាព​ថា មាន​គោលបំណង ទៅ​លួច​សម្ភារនៅ​ក្នុង​ផ្សារ​សាមគ្គី ដើម្បី​យក​ទៅ​លក់ តែ​មិន​ទាន់​បាន​លួច​ផង ក៏​ត្រូវ​កម្លាំង​សណ្ដាប់ធ្នាប់ សន្តិសុខ​ផ្សារ​សាមគ្គី ប្រទះឃើញ​តែ​ម្តង។

បច្ចុប្បន្ន​ករណី​ខាង​លើ​នេះ ជនសង្ស័យ​រួមទាំង​វត្ថុតាង​(​ម៉ូតូ​០១​គ្រឿង​) ត្រូវ​បាន​ឃាត់ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុងប៉ៃលិន ដើម្បី​សាកសួរនិង​ចាត់​ការ​បន្ត​តាម​នីតិ​វិធី​៕ដោយ៖សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print