ភ្នំពេញ៖ ពាក្យចចាមអារ៉ាមនៃការដើរចេញរបស់តារាចម្រៀងលំដាប់ជួរមុខ មាស សុខសោភា ពីផលិតថោន បានអូសបន្លាយពេលអស់ជាច្រើនឆ្នាំ។ ទោះជាយ៉ាងណាល្ងាចថ្ងៃទី០៩ខែ មិថុនា ឆ្នាំ២០២០នេះតារាស្រីរូបនេះបានប្រកាសចាកចេញពីផលិតកម្មដែលនាងបានជ្រកអស់ជិតមួយទសវត្សរិ៍នេះហើយ។
ដំណឹងនៃការចាកចេញរបស់តារាចម្រៀងស្រីល្បីឈ្មោះរូបនេះធ្វើឡើងមិនបានប៉ុន្មានសប្តាហ៍ផងក្រោយពីដំណឹងនៃការវិចបង្វេចចេញរបស់តារាចម្រៀងល្បីឈ្មោះ លោកខេម នោះផងដែរ។ សុទ្ធតែជាគ្រាប់ពេជ្ររបស់ផលិតថោន និងធ្លាប់សាងឈ្មោះល្បីល្បាញអស់រយៈពេលជាច្រើនឆ្នាំ មាស សុខសោភា បានបញ្ចេញសារនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកដែលមានអ្នកគាំទ្រជិត៥លាននាក់នោះថា ៖ “ថ្ងៃនេះគឺជាថ្ងៃដ៏តានតឹងមួយរបស់នាងខ្ញុំ ដែលនាងខ្ញុំត្រូវចាកចេញពីផលិតកម្ម Town។ អរគុណដល់បងប្រុស បងស្រីដែលបានមើលថែប្អូនរយៈពេល ៩ឆ្នាំនេះ អនុស្សារីយ៍ និងអំពើរល្អរបស់បងទាំងពីរនៅតែស្ថិតក្នុងបេះដូងរបស់ប្អូនជានិច្ច។ ឆ្លៀតក្នុងឱកាសនេះ នាងខ្ញុំក៏សូមអរគុណដល់បណ្តាផលិតកម្មទាំងអស់ ដែលបានផ្តល់ឱកាសដល់នាងខ្ញុំនាពេលកន្លងមក ទន្ទឹមនឹងនេះនាងខ្ញុំក៏សូមស្វាគមន៍ជាថ្មីសម្រាប់ការសហការផលិតបទចម្រៀង ពីបណ្តាផលិតកម្មទាំងអស់ដូចគ្នា។
អរគុណដល់បងប្អូនទាំងអស់ដែលតែងតែគាំទ្រនាងខ្ញុំ ហើយដរាបណាបងប្អូននៅតែគាំទ្រ និងស្រលាញ់នាងខ្ញុំ នោះនាងខ្ញុំក៏តែបន្តខិតខំប្រឹងប្រែងផលិតនូវបទចម្រៀងថ្មីៗ ដើម្បីបងប្អូនទាំងអស់គ្នាជានិច្ច”។
តារាស្រីរូបនេះនៅមិនទាន់បញ្ជាក់អំពីឈ្មោះផលិតកម្មបន្ទាប់ដែលនាងនឹងចូលច្រៀងនៅឡើយ ទោះជាយ៉ាងណាដំណឹងនៃការចូលច្រៀងនៅផលិតកម្មហង្សមាស ដែលជាផលិតកម្មធំនៅកម្ពុជាក៏មិនទាន់មានតំរ៉ុយនៅឡើយ ដែលតាមប្រភពក្រៅផ្លូវការធ្លាប់លើកឡើងថា ផលិតកម្មធំមួយនេះនៅមិនបានយល់ស្របលើលក្ខខណ្ឌការងារជាច្រើនចំណុចរួមគ្នានោះទេ ខណៈដែលមាស សុខសោភាក៏បន្តព្យាយាមអូសបងប្រុសនាងដែលជាអតីតអ្នកសិល្បៈ និងជាអ្នកជំនាញលើផ្នែកចម្រៀងទៅជាមួយផងដែរ។
គួរបញ្ជាក់ដែរថា ក្រោយបញ្ចប់ការច្រៀងក្នុងផលិតកម្ម M មាស សុខសោភា បានចូលប្រឡូកក្នុងផលិតកម្មថោនរយៈពេល៩ ឆ្នាំ ដោយនាង បានសាងភាពលេចធ្លោរកាន់តែខ្លាំងក្រោយពីនាងទទួលបានឱកាសច្រៀង បទថ្មីល្អ និងក្រោយពីនាងប្រកាបញ្ចប់ការយកបទចម្រៀងបរទេសមកច្រៀង។ នាងក៏មានសិទ្ធិក្នុងការចេញផលិតបទចម្រៀងផ្ទាល់ខ្លួន និងច្រៀងឲ្យផលិតកម្មក្រៅស្រុកមួយចំនួនផងដែរ។ ការចាកចេញរបស់តារាចម្រៀងរូបនេះត្រូវបានគេចាត់ទុកថាជាការបាទបាត់បង់តារាចម្រៀងឆ្នើមក្នុងផលិតកម្ម បើទោះបីជាផលិតកម្មនេះមានតារាចម្រៀងប្រុសស្រីល្បីឈ្មោះជាច្រើននាក់ទៀតក៏ដោយ៕
ដោយ វឌ្ឍនា