ភ្នំពេញ៖ ព្រឹកថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២០នេះ មន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា តាមរយៈក្រុមប្រឹក្សាពិន័យនិងលើកសរសើរនៃក្រសួងវប្បធម៌ បានហៅអ្នកនិពន្ធបទ «កណ្ដៀវអូនស្រួយ» មកអប់រំណែនាំ និងស្នើឲ្យបញ្ឈប់ការតែងនិពន្ធបទចម្រៀង ដែលមានអត្តន័យប៉ះពាល់ដល់សីលធម៌សង្គម។ការហៅអ្នកនិពន្ធរូបនេះត្រូវបានធ្វើឡើងក្រោយពីលេចចេញការរិះគន់យ៉ាងចាស់ដៃពីមហាជនអំពីបទចម្រៀងដែលបង្កប់ដោយអត្ថន័យអសីលធម៌។
អ្នកនិពន្ធឈ្មោះ អ៊ិច ចន្ថា មានរហ័សនាមទេវបុត្រខ្មៅបានទទួលការណែនាំពីមន្រ្តីក្រសួងវប្បធម៌ហើយដែលការណែនាំនេះត្រូវបាន ធ្វើឡើងនៅ នៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សាពិន័យ និងលើកសរសើរក្រសួងវប្បធម៌ លោក ចំរើន វណ្ណថា បានលើកឡើងថា ក្រោយជួបអ្នកនិពន្ធ ខាងផ្នែកអ្នកនិពន្ធបានទទួលស្គាល់កំហុស និងយល់ព្រមកែប្រែ ការតែងនិពន្ធបែបអវិជ្ជមាន ទៅជាវិជ្ជមាន នាពេលខាងមុខ។លោកបានលើកឡើងថា អ្នកនិពន្ធបាននិពន្ធបទនេះ មិនបានគិតស៊ីជម្រៅអំពីផលប៉ះពាល់នោះទេ ដោយគ្រាន់តែចង់ផលិតបទចម្រៀងទាញប្រយោជន៍ពី YouTube នៅអំឡុងសម័យកាលកូវីដ១៩។ ប៉ុន្ដែក្រោយពីទទួលបានការណែនាំ ខាងអ្នកនិពន្ធបានទទួលស្គាល់អំពីផលប៉ះពាល់ដល់សង្គម និងសីលធម៌ នៅពេលខាងមុខ ហើយអ្នកនិពន្ធក៏បានលប់វីដេអូនោះតាំងពីថ្ងៃទី០៩ ខែមិថុនាឆ្នាំ២០២០ នៅលើ YouTube រួចហើយដែរ។ជាមួយគ្នានេះលោក បានអំពាវនាវឲ្យអ្នកនិពន្ធដទៃទៀត នៅពេលនិពន្ធអ្វីមួយសូមគិតអំពីសីលញាណ សីលធម៌ ដែលផលិតឡើងជាប្រយោជន៍សាធារណៈជន នៅពេលយូរអង្វែង។
គួរបញ្ជាក់ដែរថា បទចម្រៀង«កណ្ដៀវអូនស្រួយ» ដែលច្រៀងដោយអ្នកចម្រៀងមិនធ្លាប់ស្គាល់ម្នាក់ឈ្មោះ បរ៉ាម៉ី រងការរិះគន់ខ្លាំងៗពីសំណាក់ទស្សនិកជនជាច្រើនបន្តបន្ទាប់។ រិះគន់ព្រោះតែបទចម្រៀងនេះមានបង្កប់ដោយពាក្យពេជ្រអសីលធម៌ជាច្រើននៅពេលដែលគន្លាស់កាត់នោះ។ បទចម្រៀងនេះត្រូវបានបញ្ចេញលើ Chanel វីដេអូ Youtube ឈ្មោះ DomRey (ដំរី) និងបណ្តាញសង្គម Facebook មិនបានប៉ុន្មានម៉ោងផង ត្រូវបានសំពងដោយពាក្យរិះគន់មិនសំច្ចៃមាត់ពីមហាជន ថាជាបទចម្រៀងដែលមិនមានលក្ខណៈសិល្បៈ បង្កប់ដោយពាក្យអសុរស អសីលធម៌បែបពាលាអាវ៉ាសែ៕
ដោយ វឌ្ឍនា