ខេត្តត្បូងឃ្មុំ ៖ បេីទោះបីកន្លងមកថ្មីៗនេះមានការណែនាំពីមន្ត្រីជំនាញក្រសួងស្ថាប័ន ក៏ដូចជាអាជ្ញាធរបានអំពាវនាវឲ្យប្រជាពលរដ្ឋគ្រប់ៗរូបត្រូវមានការប្រុងប្រយ័ត្នជានិច្ចនៅពេលមានភ្លៀងធ្លាក់ម្តងៗ ក្រែងមានឧបទ្ទវហេតុរន្ទះបាញ់បង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតកេីតឡេីងជាយថាហេតុក្តី ប៉ុន្តែនៅតែអាចកេីតឡេីងលេីជីវិតអ្នកស្រែចម្ការដដែល។
ជាក់ស្តែងកាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០មានប្រជាពលរដ្ឋម្នាក់ត្រូវរន្ទះបាញ់ផ្តាច់ជីវិត ខណ:ដែលជនរងគ្រោះកំពុងនៅក្នុងចម្ការត្រសក់ជាមួយនឹងឳពុកពេលមានភ្លៀងធ្លាក់ ។
ឧបទ្ទវហេតុនេះកើតឡើងកាលពីវេលាម៉ោង១៧ និង១០នាទី ថ្ងៃទី០៩ខែមិថុនា ឆ្នាំ២០២០ នៅចំណុចចម្ការត្រសក់ស្ថិតនៅខាងលិចភូមិព្រែកពាម ឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
យោងតាមកំណត់ហេតុសមត្ថកិច្ចឱ្យដឹងថា សពជនរងគ្រោះឈ្មោះសា សូហ៊ីម ភេទប្រុស អាយុ ២៧ឆ្នាំ ជាតិខ្មែរអ៊ិស្លាមរស់នៅភូមិទី៥ ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។
មន្ត្រីជំនាញនៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពាមជីលាំងបានចុះដល់កន្លែងកើតហេតុពិនិត្យស្រាវជ្រាវតាមជំនាញបច្ចេកទសហេីយបានសន្និដ្ឋានថា សពជនរងគ្រោះ ស្លាប់ ដោយសាររន្ទះបាញ់ពិតប្រាកដមែន ពុំមានពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌឡើយ រួចក៏ប្រគល់សពជូនក្រុមគ្រួសារសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕ ដោយ វណ្ណៈ