ក្មេងស្រី២នាក់បងប្អូននាំគ្នាចុះលេងទឹកស្រះលង់ស្លាប់ទាំងពីរនាក់គួរសង្វេគ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ក្មេងស្រី២នាក់បងប្អូនបង្កើត ត្រូវបានអ្នកបង់សំណាញ់ប្រទះឃើញស្លាប់ក្នុងទឹកស្រះមួយកន្លែងមានចម្ងាយពីផ្ទះជាង២០០ម៉ែត្រ ធ្វើឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង ៣០នាទីព្រលប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ នៅក្នុងភូមិខ្នាយកកោះ ឃុំសែប ស្រុកកំពង៉ត្រឡាច ខេត្តកំពង់ឆ្នាំង។
លោកនន ស៊ីណាត អធិការនគរបាលស្រុកកំពង់ត្រឡាចបានឲ្យដឹងថា ក្មេងស្រីរងគ្រោះនេះម្នាក់ឈ្មោះ សឹម តីសៈ អាយុ១០ឆ្នាំ និង ម្នាក់ទៀតឈ្មោះសឹម នីតា ភេទស្រី អាយុ៧ឆ្នាំ រស់នៅភូមិឃុំកើហេតុខាងលើ ។
លោក នន ស៊ីណាត បានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុវេលាម៉ោងប្រមាណជាង៩ព្រឹក ជីតាបានជិះកង់ទៅផ្សារប្រទះឃើញក្មេងៗមានគ្នាប្រមាណជា៥ទៅ៦នាក់ បានលេងទឹកស្រះនោះ ហើយជីតាបានដេញក្មេងៗ និង ចៅរបស់គាត់ឲ្យឡើងគោកវិញ ។ ពេលដែលឃើញចៅឡើងដល់ផ្លូវហើយគាត់បានជិះកង់ទៅផ្សារហូបកាហ្វេ លុះពេលត្រឡប់ទៅផ្ទះវិញក៍បាត់ចៅមិនឃើញ មិនដឹងថាចៅទៅណាទេព្រោះពីព្រឹកគាត់បានដេញពីស្រះរួចម្តងហើយ។ រហូតដល់៦និង៣០នាទីល្ងាច ថ្ងៃដដែល មានអ្នកជិតខាងបានទៅបង់សំណាញ់ក្នុងស្រះនោះក៍បង់ជាប់សពក្មេងស្រីទាំងពីរនាក់នេះ បង្កមានការភ្ញាក់ផ្អើលតែម្តង និង បានប្រាប់ទៅក្រុមគ្រួសារ និងរាយការណ៍ទៅសមត្ថកិច្ចតែម្តង ។
លោកអធិការនគរបាលស្រុកកំពង់ត្រឡាចបានដឹងទៀតថា ក្មេងស្រីទាំង២នាក់បងប្អូនបង្កើតនេះពិតជាស្លាប់ដោយសារ លង់ទឹកប្រាកដមែន និង បានប្រគល់សាកសពជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណីតែម្តង ៕
ដោយ÷ចន្ថា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print