ភ្នំពេញ៖ បុរសម្នាក់ដេកស្លាប់ក្នុងបន្ទប់ជួលដោយសារជំងឺលើសឈាមបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាងនិងសមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យ។ ករណីនេះបានកើតឡើងនៅវេលាម៉ោង៩និង៣០នាទីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចក្នុងបន្ទប់ជួល ផ្លូវលំ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។
មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលអូរបែកក្អមបានឲ្យដឹងថា សពមានឈ្មោះ ហេង វុឌ្ឍណារិន្ទ ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីរាជការ(ក្រសួងធម្មការនិងសាសនា) ស្នាក់នៅបន្ទប់ជួល តាមផ្លូវលំ ក្នុងភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។ គាត់បានមកជួលបន្ទប់ស្នាក់នៅតែម្នាក់ឯង លុះមកដល់ថ្ងៃកើតហេតុប្រជាពលរដ្ឋជិតខាងបានរាយការណ៍ប្រាប់ថា បុរសខាងលើដេកស្លាប់ទើបសមត្ថកិច្ចចុះមកដល់ទីតាំងនិងបានទាក់ទងទៅសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យឲ្យចុះមកពិនិត្យ។
តាមការសន្និដ្ឋានរបស់លោកវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញបញ្ជាក់ថា សពស្លាប់ដោយជំងឺលើសឈាម ។
សពតម្កល់ទុកនៅវត្តស្ទឹងមានជ័យរង់ចាំក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ៖ ចន្ទ លីហ្សា