រុស្សុី៖ ពិធីដង្ហែរក្បួន ព្យុហយាត្រា អបអរទិវាជ័យជម្នះ៧៥ឆ្នាំលើរបបហ្វាស៊ីត ។ ប៉ុន្តែការឆ្លងរាលដាលកូវីដ១៩ក្នុងប្រទេសរុស្ស៊ី នៅតែបន្តកើនឡើង ទើបស្នើដល់ពលរដ្ឋនៅក្នុងផ្ទះតាមដានពិធីដង្ហែរក្បួន តាមកញ្ចក់ទូរទស្សន៍វិញ ។
ពាក់ព័ន្ធនឹងការឆ្លងរាលដាលនៃកូវីដ១៩ តាមគេហទំព័រ Worldometer បានផ្សាយថា គិតត្រឹមព្រឹក ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ប្រទេសរុស្ស៊ី មានអ្នកឆ្លងកូវីដ១៩ សរុប ៥៣៧ ២១០នាក់ ស្លាប់ ៧ ០៩១នាក់ និងជាសះស្បើយ ២៨៤ ៥៣៩នាក់។
អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ី លោក Dmitry Peskov កាលពីថ្ងៃទី១៥ ខែមិថុនាបានស្នើ ប្រជាជនរស់នៅរដ្ឋធានីមូស្គូ នឹងអាចរីករាយជាមួយនឹងកម្មវិធីបញ្ចាំងយ៉ាងពិសេសពីព្យុហយាត្រាទិវាជ័យជម្នះទីលាន ក្រហម នាទីក្រុងមូស្គូ តាមកញ្ចក់ទូរទស្សន៍។ ក្រុមជំនាញនឹងផ្សាយពីពិធីនេះយ៉ាងទូលំទូលាយ តាមបច្ចេកទេសដ៏ទំនើបបំផុតរបស់រុស្ស៊ី។
ជាមួយគ្នានេះដែរ លោក Sergei Sobyanin អភិបាលក្រុងមូស្គូ បានជំរុញឲ្យអ្នករស់នៅក្នុងទីក្រុងនេះ ត្រូវតែស្នាក់នៅតាមផ្ទះរបស់ខ្លួន ហើយទស្សនាពីក្បួនព្យុហយាត្រារបស់កងទ័ព តាមកញ្ចក់ទូរទស្សន៍។ ការលើកឡើងរបស់លោកអភិបាលក្រុងបែបនេះ ក៏ដើម្បីជាវិធានការមួយ សម្រាប់ការទប់ស្កាត់នូវការរាតត្បាត នៃកូវីដ១៩ផងដែរ។
លោក Peskov បានគូសបញ្ជាក់ថា វិមានក្រឹមឡាំងបានយល់យ៉ាងច្បាស់ អំពីការសម្រេចចិត្តនេះ ព្រោះតំបន់ជាច្រើនរបស់ប្រទេសរុស្ស៊ី មានការរឹតបន្ដឹង អំពីការចូលរួមខួបលើកទី៧៥ នៃទិវាជ័យជម្នះរបស់សហភាពសូវៀត លើរបបណាហ្ស៊ី (Nazi) អាល្លឺម៉ង់ នៅ។
សូមជម្រាបថា ទិវាជ័យជម្នះរបស់សហភាពសូវៀត លើរបបណាហ្ស៊ីនេះ តែងតែប្រារព្ធឡើង នៅថ្ងៃទី៩ ខែឧសភា ជារៀងរាល់ឆ្នាំ។ ប៉ុន្ដែដោយសារការរាតត្បា នៃកូវីដ១៩ ទើបប្រធានាធិបតីរុស្ស៊ី បានលើកពេលមកធ្វើ នៅថ្ងៃទី២៤ ខែមិថុនា វិញ។ នៅក្នុងពិធីនោះ រុស្ស៊ីបានត្រៀមកម្លាំងទ័ព កងរថក្រោះ រថយន្ដពាសដែក និងគ្រឿងចម្បាំងដ៏ទំនើប និងថ្មីបំផុត នាំ មកបង្ហាញផងដែរ៕
ដោយ៖ ធី រីណា