នាយករដ្ឋមន្ត្រី​ថៃ ​ដាស់តឿន​ប្រជាជន​ថៃ​កុំ​ចូលរួម​ក្នុង​យុទ្ធនា​ការប្រឆាំង​មហាក្សត្រ ព្រោះ​នឹង​នាំ​បញ្ហា​ដល់​ខ្លួនឯង​

ចែករំលែក៖

អន្តរជាតិ៖ លោក ប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្ត្រីថៃ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ បានដាស់តឿនប្រជាជនថៃកុំចូលរួមក្នុងយុទ្ធនាការប្រឆាំងមហាក្សត្រ ព្រោះនឹងនាំបញ្ហាដល់ខ្លួនឯង ប៉ុន្តែលោក ប្រាយុទ្ធ អះអាងថា មាត្រាស្ដីពីការទោសទណ្ឌអ្នកប្រមាថស្ដេច (Les Majeste) មិនត្រូវបានយកមកអនុវត្តឡើយនៅប៉ុន្មានឆ្នាំចុងក្រោយតាមព្រះរាជតម្រិះមហាក្សត្រ មហា ជិរាលង្ករណ៍ ហើយថៃ ជាប្រទេសមួយដែលដាក់ទោសទណ្ឌយ៉ាងធ្ងន់ធ្ងរលើអ្នកដែលប្រមាថមហាក្សត្រ

នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ថ្លែងបន្តថា នេះជាលើកដំបូងដែលលោក និយាយដល់រឿងរសើបមួយនេះ ខណៈដែលប្រជាជនថៃកាន់តែច្រើនពិសេសយុវជននាំគ្នាប្រើប្រាស់បណ្ដាញសង្គមដើម្បីបង្ហាញការមិនពេញចិត្តរបស់ពួកគេពាក់ព័ន្ធរបបរាជានិយមរីឯចំនួនករណីបំពានមាត្រា១១២នៃក្រមព្រហ្មទណ្ឌថៃដែលត្រូវស្គាល់ជាទូទៅថា ច្បាប់ការពារព្រះមហាក្សត្រ បានកើនឡើងយ៉ាងខ្លាំងតាំងពីឆ្នាំ២០១៦ មកម្ល៉េះ

«​យើងដឹងហេតុអ្វីពួកគេមានសកម្មភាពខ្លាំង តើវាជិតដល់ថ្ងៃមែនទេ​? ប្រទេសថៃខុសពីគេ យើងមិនអាចផ្លាស់ប្ដូរតាមរយៈអំពើហិង្សាឡើយ​» លោក ប្រាយុទ្ធ ថ្លែងបែបនេះ តែមិនបញ្ជាក់ឲ្យលម្អិតឡើយ ប៉ុន្តែលោក ទំនងចង់សំដៅដល់ថ្ងៃទី២៤ ខែមិថុនា ដែលជាថ្ងៃថៃផ្លាស់ប្ដូរពីរបបរាជនិយមផ្ដាច់ការទៅជារាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញវិញ

យោងតាមកាសែតបាងកកប៉ុស្តិ៍ លោក ប្រាយុទ្ធ បន្ថែមថា មហាក្សត្រ មហា ជិរាលង្ករណ៍ បានស្នើកុំឲ្យប្រើច្បាប់ការពារមហាក្សត្រ ប៉ុន្តែនៅពេលដែលអាជ្ញាធរមិនប្រើប្រាស់ច្បាប់នេះ បែរជាមានអ្នកបំពានទៅវិញ ក្នុងន័យនេះ នាយករដ្ឋមន្ត្រីថៃរូបនេះ បានទទូចឲ្យប្រជាជនកុំក្លាយខ្លួនជាឧបករណ៍សម្រាប់អ្នកដែលមិនពេញចិត្តស្ថាប័នមហាក្សត្ររបស់ប្រទេស ហើយនាំគ្នាចែករំលែកព័ត៌មានមិនពិតនៅលើបណ្ដាញសង្គមទៅវិញ។ដោយសារច្បាប់នេះ សកម្មជនថៃជាច្រើននាំគ្នាភៀសខ្លួនទៅក្រៅប្រទេសដូចជាអឺរ៉ុប និងប្រទេសក្បែរខាងថៃដើម្បីគេចពីសំណាញ់ច្បាប់

ទាក់ទងរឿងនេះ លោក ប្រាយុទ្ធ បញ្ជាក់ថា រដ្ឋាភិបាលបាងកក បានផ្ញើលិខិតទៅកាន់ប្រទេសទាំងនោះដោយស្នើឲ្យចាប់បញ្ជូនជនភៀសខ្លួននយោបាយទាំងនោះត្រឡប់ទៅថៃវិញ ក្នុងករណីពួកគេបង្កបញ្ហា ប៉ុន្តែលោកក៏អះអាងថា បើរដ្ឋាភិបាលទាំងនោះ មិនបញ្ជូនពួកគេទៅវិញ ក៏រដ្ឋាភិបាលថៃមិនអាចធ្វើអ្វីបានដែរ

លោក ប្រាយុទ្ធ លើកឡើងថា ចំពោះរឿងសកម្មជន Wanchalearm Satsaksit វិញ រូបគេត្រូវបានចោទប្រកាន់ពីបទល្មើសតិចតួចប៉ុណ្ណោះប៉ុន្តែបានរត់ចេញពីប្រទេសទៅកាន់កម្ពុជាវិញ បើតាមនាយករដ្ឋមន្ត្រីថៃ អ្នករត់ភៀសខ្លួនខ្លះ មិនបានធ្វើខុសឡើយ ខ្លះទៀតមានកំហុសតូចតាច តែលោកមិនយល់ថា ហេតុអ្វីត្រូវរត់គេចឡើយ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print