ខេត្តស្ទឹងត្រែង៖ នៅក្នុងឱកាសដ៏មហាជ័យមង្គលប្រពៃថ្លៃថ្លានៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៨៤ យាងចូល៨៥ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ នាពេលខាងមុខនេះលោកម៉ុម សារឿន អភិបាលនៃគណ:អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហកម្ពុជាខេត្ត លោកឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំគណៈអភិបាល សមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បានរៀបចំពិធី ប្រគេនចង្ហាន់ និងទេយ្យទានដល់ព្រះសង្ឃ តាមបែបព្រះពុទ្ធសាសនា នៅវត្ត ស្រះកែវមុនីវណ្ណហៅវត្ត លើ នៅព្រឹកថ្ងៃអង្គារ៍ ១១រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ នេះ។
ក្នុងនាមគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហកម្ពុជាខេត្តស្ទឹងត្រែង លោកម៉ុម សារឿន បានសម្តែងក្តីអំណរសាទររីករាយឥតឧបមាប្រកបដោយ ទឹកចិត្តកតញ្ញូតាធម៏ ដ៏ជ្រាលជ្រៅថ្វាយចំពោះសម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេក្តីថ្លៃថ្នូរ និងសុភមង្គល ដែលព្រះអង្គបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយពល ព្រះបញ្ញាញ្ញាណដ៏ឈ្លាសវៃ និងព្រះរាជទ្រព្យផ្ទាល់ខ្លួន ក្នុងបុព្វហេតុសង្គម និងសាសនា ជាពិសេសព្រះរាជសកម្មភាពក្នុងបុព្វហេតុមនុស្សធម៍ ជួយដល់ប្រជារាស្រ្ត ជាកូន ជាចៅ ចៅទូត ចៅលួត របស់ព្រះអង្គដែលជួបប្រទះការលំបាក ដោយសារគ្រោះធម្មជាតិ និងគ្រោះមន្តរាយផ្សេងៗ។
ក្នុងឱកាសដ៏ថ្លៃថ្លានេះដែរលោកម៉ុម សារឿន បានគោរពថ្វាយសម្តេចព្រះមហាក្សត្រីនូវព្រះមហាសព្ទសាធុការពរបវរសួស្តី មហាសិរីមង្គល វិបុលសុខ និងសូមបួងសួង ដល់គុណព្រះរតនៈត្រ័យ ទសបារមី ទេវតារក្សាព្រះមហាស្វេតច្ជ័ត្រ បារមីព្រះវិញ្ញាណក្ខ័ន អតីតព្រះមហាក្សត្រ មហាក្សត្រីយានីប្រោសព្រំថែរក្សា សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេក្តីថ្លៃថ្នូរ និងសុភមង្គល សូមព្រះអង្គមានព្រះសុខុមាលភាពបរិបូណ៌ ព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា និងសូមទ្រង់ប្រកបតែព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខ: ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមជម្រាបជូនថា ក្រោយពីការវេប្រគេនទេយ្យទាន រាប់បាទបង្សុកូលឆ្លងរួចមកលោកម៉ម សារឿន នឹងលោកឈាង ឡាក់ រួមទាំងក្រុមការងារខេត្ត បានប្រគេនទេយ្យទាន ដល់ព្រះសង្ឃនាពេលនេះ រួមមាន:អង្ករ១២០គីឡូក្រាម មីបួនកេស ត្រីខ៤យួរ ទឹកបរិសុទ្ធ២កេស ប្រគេនព្រះមេគុណខេត្ត នឹងទេយ្យទាន១កញ្ចប់ទៀត នឹងបច្ច័យ១០០,០០០៛ ប្រគេនដល់គណ:មន្ត្រីសង្ឃ ៦ព្រះអង្គ នឹងទេយ្យទាន១កញ្ចប់ផ្សេងទៀត នឹងថវិកា៥០០,០០០៛ ជូនយាយជី តាជី ២៥នាក់ ក្នុងម្នាក់ៗទទួលបានថវិកា២០,០០០៛ ផងដែរ៕
ដោយ៖ មាស សុផាត