ភ្នំពេញ៖ តារាចម្រៀង ខេង សម្ភស្ស បានធ្វើឲ្យអ្នកក្នុងចង្កោមសិល្បៈមានការភ្ញាក់ផ្អើលខ្លាំងក្រោយពីគេបានឃើញនាងអង្គុយលក់ផ្លែឈើនៅតាមចិញ្ចើមផ្លូវគួរឲ្យអាសូរ។ ការធ្លាក់ខ្លួននេះក៏ក្រោយពេលកន្លងទៅតារាស្រីរូបនេះធ្លាប់បានប្រកាសលក់ផ្ទះដែលបង់រំលួស១កន្លែងឲ្យទៅម្ចាស់ដើម្បវិញព្រោះតែស៊ូ នឹងការបង់ប្រចាំខែមិនរួច។
តារាចម្រៀង ខេង សម្ផស្ស ត្រូវបានទស្សនិកជនមួយចំនួនបានស្គាល់តាមរយៈការច្រៀងក្នុងផលិតកម្មក្នុងស្រុកមួយចំនួន រួមទាំងផលិតកម្មរបស់សមាគមសិល្បករខ្មែរផងដែរ។ នៅលើគេហទំព័រហ្វេសប៊ុកផ្ទាល់របស់តារាចម្រៀងរូបនេះបានលើកឡើងថា “ពាក្យថាតស៊ូ វាងាយនិយាយទេ តែបើជួបផ្ទាល់បានដឹងថាពិបាកយ៉ាងណា” អមដោយរូបថតកំពុងអង្គុយលក់ផ្លែសាវម៉ាវពីរបាវ និងផលិតផលសម្រកទម្ងន់ខ្លះៗ។ មានសិល្បករ និងអ្នកគាំទ្រជាច្រើនបានបញ្ចេញសារលើកទឹកចិត្តឲ្យនាងបន្តតស៊ូក្នុងជិវិតខណៈគេដឹងថាជីវភាពរបស់តារាស្រីរូបនេះកំពុងប្រឈមខ្លាំង។ ប្រភពពីអ្នកសិល្បៈដែលធ្លាប់បានស្គាល់តារាចម្រៀងរូបនេះបានលើកឡើងថា មុននេះប៉ុន្មានថ្ងៃតារាស្រីរូបនេះធ្លាប់បានស្នើឲ្យម្ចាស់បុរីឡេងណាវ៉ាត្រា ធ្វើការទិញយកវិញនូវផ្ទះដែលនាងនិងបងប្រុសបានបង់រំលួសប៉ុន្មានខែកន្លងមកព្រោះតែនាងមិនអាចស៊ូនឹងស្ថានភាពខ្វះមុខខ្វះក្រោយ និងក្រោយពេលបងប្រុសនាងមានជំងឺប្រចាំកាយត្រៀមធ្វើការវះកាត់ក្នុងពេលខាងមុខ។
គេនៅមិនទាន់ដឹងនៅឡើយទេថាតើតារាស្រីរូបនេះនឹងទទួលបានការជួយជ្រោមជ្រែងបន្ថែមទៀតពីប្រធានសមាគមសិល្បករខ្មែរ និងអ្នកជិតដិតនៅឡើយដែរ ប៉ុន្តែជារឿយៗតារាស្រីរូបនេះតែបង្ហោះសារប្លែកៗអមដោយរូបភាពនៃការអស់សង្ឃឹមក្នុងជិវិត ជាហូរហែ៕
ដោយ វឌ្ឍនា