ភ្នំពេញ៖ ស្នាដៃសម្តែង របស់កញ្ញា ជេន ជីរ៉ា ទទួលបានការពេញចិត្តខ្លាំងពីទស្សនិកជនក្រោយពីនាងបានសម្តែងជាតួអង្គម្តាយក្នុងភាពយន្តខ្លីពីជីវិតរឿង ”មកផ្ទះយើងវិញកូន”របស់ផលិតកម្ម យ៉ូប(JOB Production)។ ខណៈដែលភាពយន្តនេះមានអ្នកទស្សនាប្រមាណជាង១លានដងឯណោះ។
តារាសម្តែង ជេន ជីរ៉ា ដែលមានទឹកដីកំណើតនៅខេត្ត ក្រចេះ នោះទទួលបានឱកាសថតភាពយន្តអប់រំលើកដំបូងក្នុងអាជីពសិល្បៈកាលពីប៉ុន្មានខែមុននេះ។ បើទោះបីមិនមានបទពិសោធច្រើនលើការសម្តែង ប៉ុន្តែនាងទទួលបានការកោតសរសើរ នឹងសមត្ថភាពទេពកោសល្យសម្តែងរបស់នាងថាពិតជាមិនធម្មតា ព្រោះតែការបញ្ចូលអារម្មណ៍ទៅតាមអត្ថន័យសាច់រឿងនិងធ្វើឲ្យអ្នកទស្សនាស្រក់ទឹកភ្នែកបាន។នាងថាភាពយន្តអប់រំនេះក៏មានការបញ្ចូននូវបទមនោសញ្ចេតនាចាក់ចំបេះដូងអ្នកស្តាប់ដែលជាសំនៀងរបស់អ្នកនាងជិន ចាន់ធឿនផងដែរ។ តារាស្រីរូបនេះបានសម្តែងក្តីរំភើបស្របពេលដែលស្នាដៃសម្តែងរបស់នាងទទួលបានការគាំទ្រច្រើនហួសពីការរំពឹងទុក។ នាងថាជោគជ័យលើភាពយន្តអប់រំស៊ីជម្រៅនេះគឺបានពីការខិតខំប្រឹងប្រែងរួមគ្នាទាំងនាង សិល្បករដទៃ ពិសេសផលិតករ ក្រុមការងារដែលបានសាមគ្គីគ្នាក្នុងផលិតឲ្យភាពយន្តនេះអាចទាញអារម្មណ៍ឲ្យអ្នកទស្សនាក្តុកក្តួលទៅតាមសាច់រឿងអប់រំបែបជីវិតគ្រួសារជាស្ត្រីមេម៉ាយរែកពុនការងារស្រាលធ្ងន់ដើម្បីកូន ប៉ុន្តែកូនៗបែជាដើរខុសផ្លូវប្រព្រឹត្តិអំពើចាកសីលធម៌ ប្រមាថមើលងាយម្តាយ។ តារាស្រីរូបនេះលើកឡើងដែរថាភាពយន្តដែលនាងចាប់ផ្តើមសម្តែងដំបូងទទួលបានការគាំទ្រច្រើនផងដែរគឺភាពយន្តអប់រំរបស់ផលិតកម្មមួយនេះគឺរឿង”ប្តីទីងមោង” ហើយក៏ជាភាពយន្តដែលធ្វើឲ្យទស្សនិកជន និងផលិតករពេញចិត្ត និងផ្តល់ឱកាសជាថ្មីសម្រាប់ការសម្តែងភាពយន្តខ្លីអប់រំ បន្តបន្ទាប់។
នាងថាគ្រប់ប្រភេទតួ គឺនាងពេញចិត្តនឹងការសម្តែង ព្រោះជាក្តីស្រមៃថាថ្ងៃណាមួយនាងនឹងមានឱកាសបង្ហាញសមត្ថភាព ហើយពេលនេះនាងបានដូចបំណង និងសន្យាបន្តការខិតខំប្រឹងប្រែងដើម្បីទទួលបានការគាំទ្របន្ថែមពីទស្សនិកជន៕
ដោយ វឌ្ឍនា