ខេត្តពោធិ៍សាត់៖ បុរសវ័យចំណាស់ម្នាក់បានភ្លាត់ស្នៀតធ្លាក់ពីលើចុងដើមត្នោតស្លាប់ភ្លាមៗយ៉ាងសង្វេគ ខណៈគាត់កំពុងឡើងចុះៗដូចសព្វមួយដង តែជាអកុសលបានរអិលជើងរបូតចេញពីកាំបង្អោង បណ្ដាលឲ្យធ្លាក់មកដីបែបនេះ ។
ហេតុការណ៍គ្រោះថ្នាក់ធ្លាក់ពីលើកចុងដើមត្នោតខាងលើ បានកើតឡើងនារសៀលថ្ងៃអង្គារ ១១រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ត្រង់ចំណុចក្រោមដើមត្នោតក្បែផ្ទះជនរងគ្រោះ ស្ថិតនៅភូមិខ្លាក្រពើ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
យោងតាមការបញ្ជាក់ពីកន្លែងកើតហេតុ ជនរងគ្រោះ(ស្លាប់)ត្រូវបានគេស្គាល់ឈ្មោះ ឆាយ ចេង ភេទប្រុស អាយុ ៦២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ គាត់បានធ្លាក់ពីលើចុងដើមត្នោតនេះ នៅគ្រាដែលកំពុងឡើងដើមត្នោតដូចសព្វមួយដង ដើម្បីកៀបចិតត្រងយកទឹកត្នោត ប៉ុន្តែបានរអិលជើងចេញពីកាំបង្អោងក៏របូតដៃធ្លាក់តែម្ដង ។
ប្រភពពព័ត៌មានខាងលើបន្តទៀតថា ៖ នេះមិនមែនជាលើកដំបូង ហើយក៏មិនដឹងនោះដែរ សម្រាប់ជីវិតអ្នកឡើងដើមត្នោតដើម្បីប្រមូលផល ទោះផុយស្រួយបែបនេះដោយងាយៗក្ដី នៅតែប្រផុយដើម្បីជីវភាពគ្រួសារ ។ ករណីនេះសមត្ថកិច្ចសហការចុះពិនិត្យយ៉ាងយកចិត្តទុកដាក់ មុនធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី នៅលំនៅដ្ឋាន ៕
ដោយ៖ បុឹម ពិន