គណៈកម្មការស៊ើបអង្កេត បារាំងបានឲ្យដឹងថា មានកុមារដល់ទៅ ៣ពាន់នាក់រងការបៀតបៀនផ្លូវភេទ។ ជនរងគ្រោះគឺក្នុងវ័យអនីតិជនទាំងអស់ ហើយជនល្មើសគឺជាអ្នកមានមុខមាត់ ជាអាចារ្យក្នុងព្រះវិហារកាតូលិក។
សារព័ត៌មាន AFP បានផ្សាយថា មានកុមារដល់ទៅ៣ពាន់នាក់ ក្លាយជាជនរងគ្រោះ ក្នុងការបៀតបៀនផ្លូវភេទ នៅតាមបណ្តាព្រះវិហារ កាលូលិក ទូទាំងប្រទេសបារាំង ចាប់តាំងពីឆ្នាំ១៩៥០មក។ តាមរបាយការណ៍ដែលបានប្រកាសនៅថ្ងៃទី ១៧ខែមិថុនា របស់លោក Jean-Marc Sauve ប្រធានគណៈកម្មការ ស្រាវជ្រាវ ពីការរំលោភបំពានផ្លូវភេទលើអនីតិជន នៅតាមព្រះវិហារ បានឲ្យដឹងថា ក្រុមអាចារ្យប្រមាណ១៥០០ នាក់ជាប់ពាក់ព័ន្ធការរំលោភបំពានផ្លូវភេទ។
គណៈកម្មការស្រាវជ្រាវបានបង្កើតឡើងកាលពីឆ្នាំ២០១៩ ក្រោយពេលមានការចោទប្រកាន់ ថាអាចារ្យនៅក្នុងព្រះវិហារ បានរំលោភបំពានទៅលើកុមារ។ នៅក្នុងការស្រាវជ្រាវរបស់ Mediapart ចាប់តាំងពីឆ្នាំ២០១៦មកល់ទល់ពេលនេះ មានករណីរំលោភបំពានលើកុមារដល់ទៅ៣៤២នាក់ ប៉ុន្តែត្រូវបានលាក់បាំង។
កាលពីខែកុម្ភៈឆ្នាំ២០១៩ សម្តេច ប៉ាប់ Francis បានកោះប្រជុំមេដឹកនាំសាសនាកាតូលិក នៅបារាំងដើម្បីពិភាក្សាពីវិធានការទប់ស្កាត់ការរំលោភបំពានផ្លូវភេទ ហើយបានស្នើឲ្យរដ្ឋាភិបាលបារាំងមានវិធានការទប់ស្កាត់ ៕