ភ្នំពេញ ៖ ទូកទេសចរណ៍របស់ឈ្មោះ(ឈឿន ម៉េងហៀកទេសចរណ៍)ត្រូវភាគីម្ចាស់ទូក២នាក់ប្ដីប្រពន្ធ មានឈ្មោះ(មេគង្គស្តារ)ចូលចតក្បែរហេីយទាញពូថៅកាប់ទៅលេីបង្កាន់ដៃទូក និងយកសាំងមកជះបម្រុងដុតកម្ទេចចោល បង្កការភ្ញាក់ផ្អេីលទាំងភ្ញៀវទេសចរនៅលេីទូក កាលពីវេលាម៉ោង៦ៈ៤០នាទីល្ងាចថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចច្រាំងទន្លេសាប ទល់មុខភោជនីយដ្ឋាន(FCC) ផ្លូវព្រះសុីសុវត្ថិ ស្ថិតក្នុងសង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
យោងតាមសម្ដីស្ត្រីម្នាក់ដែលជាម្ចាស់ទូករងគ្រោះ មានឈ្មោះ ទូច ឈាងម៉េង អាយុ៤០ឆ្នាំ មុខរបររត់ទូកទេសចរណ៍ និងមានស្រុកកំណេីតនៅភូមិព្រែកកំបៅ៣ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បានប្រាប់ឲ្យដឹងថា នៅល្ងាចថ្ងៃទី១៨ ខែមិថុនាពួកគាត់បានចូលចតទូកនៅចំណុចកេីតហេតុខាងលេី ស្រាប់តែឃេីញទូកឈ្មោះ(មេគង្គស្តារ)ចូលចតក្បែរ ហេីយបានជេរប្រមាថមកលើពួកគាត់ ដោយបុរសម្នាក់ឈ្មោះ រ៉ា ជាម្ចាស់ទូកបង្ក ហេតុបានទាញពូថៅមកកាប់កម្ទេចបង្កាន់ដៃទូករបស់ពួកគាត់ឈ្មោះ(ឈឿន ម៉េងហៀកទេសចរណ៍)បណ្ដាលឲ្យខូចខាតយ៉ាងដំណំ។ ចំណែកស្ត្រីម្នាក់ឈ្មោះ ភួន ចាន់ល័ក្ខ ត្រូវជាប្រពន្ធខាងភាគីបង្កក៏បានទាញដែកចង្អេីរអាំងសាច់គប់មកលេីរូបគាត់ជាម្ចាស់ទូកឈ្មោះ(ឈឿន ម៉េងហៀកទេសចរណ៍)តែគាត់គេចផុត បង្កឲ្យមានការភ្ញាក់ផ្អេីលដល់ភ្ញៀវទេសចរនៅលេីទូកជាខ្លាំងតែម្ដង។
លុះដល់ម៉ោងប្រមាណជាង៩យប់ថ្ងៃដដែលភាគីបង្កបានដាក់ភ្ញៀវចុះអស់ រួចក៏បានបេីកទូកមកបុកទូកជនរងគ្រោះទាំងកំរោលបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ហេីយភ្លាមៗនោះក៏បេីកទូកចេញទៅបាត់តែម្ដង ។
ក្រោយមក ភាគីរងគ្រោះក៏បានទៅប្ដឹងដល់សមត្ថកិច្ចប៉ុស្ដិ៍នគរបាលជ័យជម្នះ ឲ្យជួយធ្វើអន្តរាគមន៍រកយុត្តិធម៌ ។ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងសមត្ថកិច្ចខណ្ឌដូនពេញ ដឹកនាំដោយលោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ ដែលជាអធិការខណ្ឌ បានសហការជាកម្លាំងអន្តរាគមន៍ជេីងទឹក ចុះទៅស្រាវជ្រាវចាប់ខ្លួនបុរសម្នាក់ជាជនបង្ក តែរកមិនឃេីញ ក៏បាននាំខ្លួនស្ត្រីម្នាក់ជាប្រពន្ធជនបង្កទៅធ្វេីការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដេីម្បីអនុវត្តតាមនីតិវិធី ។
ចំពោះមូលហេតុដែលក្រុមការងារយើងទទួលបានបឋម គឺជម្លេាះគ្នានេះបណ្ដាលមកពីការដណ្ដឹមកន្លែងចត ៕ដោយ ភារ៉ា ដង្កោ