លោក នេត្រ ភក្រ្តា ៖ ការរក្សាបរិស្ថានល្អ ជាទ្រព្យដ៏មានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិទាំងមូល

ចែករំលែក៖

ខេត្តកោះកុង៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា ការរៀបចំអនាម័យបរិស្ថានល្អ មិនត្រឹមតែធ្វើឱ្យភូមិ ឃុំ និងសហគមន៍មានសោភណ្ឌភាពនោះទេ ក៏ប៉ុន្តែ វាជាចំណែកចូលរួមទាក់ទាញភ្ញៀវទេសចរ មិនតែប៉ុណ្ណោះ បរិស្ថានស្អាតជាទ្រព្យសម្បត្តិដ៏មានតម្លៃ សម្រាប់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិទាំងមូល។

ការលើកឡើងបែបនេះរបស់លោក នេត្រ ភក្ត្រា នៅក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីភាពប្រគល់ធុងសំរាម ដល់សហគមន៍ពាមក្រសោប ស្ថិតនៅឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលជាការឧបត្ថម្ភបច្ចេកទេសពីសំណាក់អង្គការភាពជាដៃគូក្នុងការគ្រប់គ្រងបរិស្ថាន នៅសមុទ្រអាស៊ីបូព៌ា ហៅកាត់ថា PEMSEA ព្រមទាំងមានការចូលរួមពីសំណាក់អភិបាលរងខេត្តកោះកុង និងអាជ្ញាធរមូលដ្ឋានផងដែរ។

លោក នេត្រ ភក្ត្រា បានថ្លែងថា ការទទួលធុងសំរាមនៅថ្ងៃនេះ បានបង្ហាញឱ្យឃើញថាយើងទាំងអស់គ្នាបានគិតគូពីសំណល់រឹង សំណល់រាវ ព្រមទាំងបានគិតគូរយ៉ាងល្អពាក់ព័ន្ធនឹងការចូលរួមថែរក្សាអនាម័យបរិស្ថានល្អនៅក្នុងសហគមន៍ និងមូលដ្ឋានដែលបានរស់នៅ។ បន្ថែមពីនេះ ការប្រើប្រាស់ធុងសំរាម នៅតាមសហគមន៍ គឺបង្ហាញពីភាពចាស់ទុំក្នុងការគ្រប់គ្រងសំណល់សំរាមដែលខ្លួនឯងបានបង្កើតជារៀងរាល់ថ្ងៃ និងការបង្ហាញឱ្យឃើញពីការស្រឡាញ់បរិស្ថាននៅជុំវិញខ្លួន។

មន្ត្រីជាន់ខ្ពស់រូបនេះបានបន្តថា បរិស្ថានជុំវិញខ្លួនយើងស្អាតវាជាទ្រព្យសម្បត្តិដ៏មានតម្លៃ សម្រាប់ខ្លួនយើង សម្រាប់គ្រួសារយើង ពីព្រោះវាផ្តល់សុខភាពដល់មនុស្សនានា នៅជុំវិញខ្លួនយើង។ ប្រសិនបើមិនបានគ្រប់គ្រងសំរាមឱ្យបានល្អទេវានឹងបង្កឱ្យកើតជាមេរោគ ដល់ខ្លួនជាដើម។ ដូច្នេះ ជំងឺដែលមកពីសំរាមអាចបង្ការបានតាមរយៈការទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ តាមធុងសំរាមដែលមាននៅក្នុងសហគមន៍ ផងដែរ។

លោកបានបញ្ជាក់ថា ការដាក់ឱ្យប្រើប្រាស់ធុងសំរាម នៅក្នុងសហគមន៍ពាមក្រសោបនេះ ក៏ជាការចូលរួមដាស់រំឮកស្មារតីដល់បងប្អូនជាភ្ញៀវទេសចរ ដែលមកទស្សនានៅក្នុងតំបន់នេះ ឱ្យយល់ដឹងពីការថែរក្សាអនាម័យផងដែរ។ បច្ចុប្បន្ននេះ បញ្ហាសំរាម បានចោទឡើងនៅក្នុងសង្គមកម្ពុជា មិនត្រឹមតែនៅតាមទីក្រុងនោះទេ សូម្បីតែនៅតាមនៅជនបទសំរាម ក៏បានចោទជាបញ្ហាមួយផងដែរ។ ដូច្នេះប្រសិនបើមិនបានគិតគូរអប់រំ ពីការគិតទុកសំរាមនោះទេ ច្បាស់ណាស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរមួយចំនួននឹងបោះចោលសំរាមពាសវាលពាសកាលជាមិនខាន។ ជាក់ស្តែងតំបន់ពាមក្រសោប នៅជិតសមុទ្រ ប្រសិនបើមិនបានគិតគូរលើការទុកសំរាមនោះទេ វានឹងបង្កផលប៉ះពាល់ និងបំពុលដល់តំបន់ទេសចរណ៍នានារបស់កម្ពុជា ដែលជាប់នឹងមាត់សមុទ្រនេះ។

គួរជម្រាបថា ក្នុង១ឆ្នាំៗ កម្ពុជាបានបង្កើតសំរាមប្រមាណ ៤លានតោន ក្នុងនោះ ៦៥% ជាសំណល់សិររីរាង្គ ២០% ជាសំណល់ថង់ប្លាស្ទិក និងនៅសេសសល់ជាសំណល់រឹង និងសំណល់ផ្សេងទៀត ហើយក្នុងចំណោមសំរាមទាំងអស់នោះ មានត្រឹមតែប្រមាណ ៥១% ប៉ុណ្ណោះដែលត្រូវបានយកទៅចាក់នៅទីលានចាក់សំរាម ក្រៅនោះត្រូវគេបោះចោលយ៉ាងអនាធិបតេយ្យតាមដងផ្លូវ ក្នុងប្រភពទឹក និងខ្លះទៀតត្រូវបានដុតជាដើម។

ទិន្នន័យឆ្នាំ២០១៨ បង្ហាញថា សំណល់រឹងដែលបានប្រមូលចាក់នៅទីលានសរុបប្រមាណជាង ១,៧ លានតោន ធៀបនឹងឆ្នាំ២០១៧ កើនឡើង ជាង ២០សែនតោន ហើយមានកំណើន ៥៦,៩% ធៀបនឹងឆ្នាំ២០១៤ មានត្រឹម ៣១៧ ៥៥០ តោនប៉ុណ្ណោះ។ រហូតមកដល់ចុងឆ្នាំ២០១៨ ស្ថានភាពគ្រប់គ្រងទីលានទូទាំងក្រុង ស្រុកគោលដៅ ស្ថិតក្នុងសភាពពុំទាន់ល្អប្រសើរនៅឡើយ ដោយស្រុកចំនួន ៧៩ នៅពុំទាន់មានទីលាន ក្រុងស្រុកដែលមានទីលាន មានតែ ៥៧,២% ហើយក្រុងស្រុកដែលមានទីលានបម្រុងមានត្រឹមតែ ៦,៤% ប៉ុណ្ណោះ៕

...

ប្រភព៖ ក្រសួងបរិស្ថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print