ភ្នំពេញ៖ យុវជនម្នាក់ ទើបតែនឹងចេញពីមណ្ឌលកែប្រែមិនទាន់បានមួយថ្ងៃផង ស្រាប់តែឡើងលើផ្ទះប្រជាពលរដ្ឋប៉ុនប៉ងលួចទ្រព្យសម្បត្តិតែមិនទាន់បានសម្រេច ក៏របូតដៃធ្លាក់បាក់កស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។
ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១ រំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅតាមផ្លូវបេតុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សពមានឈ្មោះឆន ណាវិន អាយុ ១៥ ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិឬស្សីទី ៣ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ពួកគាត់កំពុងតែលង់លក់ក្នុងដំណេកស្រាប់តែលើសម្លេងដូចជាមានអីធ្លាក់មក ពេលនោះគាត់ក៏នាំគ្នាចេញមកមើល ឃើញជនសង្ស័យដេកផ្កាប់មុខស្លាប់នៅកន្លែងកើតហេតុបាត់ទៅហើយ ។ពលរដ្ឋបន្តថា ពួកគាត់នឹកថាជនសង្ស័យបានឡើងលើដំបូលផ្ទះរបស់ប្រជាពលរដ្ឋប៉ុនប៉ងលួចទ្រព្យសម្បត្តិហើយក៏ឲ្យធ្លាក់មកតាមដងព្រោះអីនៅម្ដុំកន្លែងនោះឧស្សាហ៍មានបាត់ដូចជា៖ ម៉ូតូនិងទូរស័ព្ទដៃជាច្រើនលើកច្រើនសាមកហើយ រួចក៏បានរាយការណ៍ទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី២ ដើម្បីចុះមកពិនិត្យសាកសពតែម្តង ។
បើតាមសម្ដីរបស់ឳពុកជនរងគ្រោះ បានប្រាប់ឲ្យដឹងថា សពជាកូនប្រុសរបស់គាត់ ទើបតែចេញពីមណ្ឌលកែប្រែឱកាសខ្ញុំ ហើយកាលពីវេលាម៉ោង៧ ល្ងាចថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ ពេលមកដល់ផ្ទះភ្លាមឪពុកម្ដាយក៏បានរៀបចំកន្លែងឲ្យកូនដេកស្រាប់តែកូនបានចេញពីផ្ទះបាត់ រហូតដល់ម៉ោងកើតហេតុក៏មានប្រជាពលរដ្ឋបានទៅប្រាប់គាត់ថាកូនប្រុសរបស់គាត់បានធ្លាក់ពីលើដំបូលផ្ទះស្លាប់ ។ ពេលនោះគាត់ក៏បានមកដល់កន្លែងកើតហេតុបានប្រទះឃើញកូនប្រុសរបស់គាត់បានដេកផ្កាប់មុខស្លាប់ពិតប្រាកដមែន។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយកម្លាំងនគរបាលកោសល្យវិច័យ នៃស្នងការរាជធានីភ្នំពេញ បានចុះមកពិនិត្យសាកសពទើបដឹងឲ្យដឹងថាសពជនរងគ្រោះពិតជាស្លាប់ដោយសារធ្លាក់ពីលើដំបូលផ្ទះមែន រួចប្រគល់សពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តសំបូរមាស ៕ដោយ៖ និន សុភ័ស្ត