អន្តរជាតិ៖ តាមការចុះផ្សាយដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០២០នេះ បាននិយាយថា ថ្នាំវ៉ាក់សាំងប្រឆាំងនឹងCOVID-19 រាប់រយលានដូស អាចនឹងត្រូវបានផលិតរួចរាល់នៅមុនដំណាច់ឆ្នាំ២០២០នេះ ខណៈជនដែលងាយរងគ្រោះជាងគេ គឺជាគោលដៅត្រូវបានកំណត់ថា ជាអ្នកប្រើប្រាស់ថ្នាំនេះមុនគេ ។ នេះបើយោងតាមអង្គការសុខភាពពិភពលោក WHO បានប្រកាសនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ម៉ោងនៅញូយ៉ក) ។
ទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិមួយនេះ បានបញ្ជាក់ទៀតថា ខ្លួនអាចធ្វើការសន្និដ្ឋានបែបនេះ ក៏ដោយសារតែមានក្រុមហ៊ុនថ្នាំជាច្រើន កំពុងតែប្រញាប់ប្រញាល់ក្នុងការផលិតថ្នាំវ៉ាក់សាំងប្រភេទនេះ ហើយក៏សង្ឈឹមថា នៅមុនដំណាច់ឆ្នាំ២០២១ខាងមុខ អង្គការរបស់ខ្លួននឹងទទួលបានថ្នាំវ៉ាក់សាំង COVID-19 យ៉ាងហោចណាស់ ២ពាន់លានដូសដែរ។
លោកស្រី ស៊ូមីយ៉ា ស្វាមីនណាថាន់ (Soumya Swaminathan) ប្រធានអ្នកវិទ្យាសាស្ត្ររបស់ WHO បាននិយាយថា «ប្រសិនយើងមានសំណាងល្អ នោះនឹងមានវ៉ាក់សាំងមួយ ឬពីរប្រភេទជោគជ័យនៅមុនដំណាច់ឆ្នាំ២០២០នេះ»។ ដោយក្រុមអ្នកស្រាវជ្រាវកំពុងធ្វើការតេស្តវ៉ាក់ប្រឆាំង COVID-19 ចំនួនច្រើនជាង ២០០ប្រភេទ ទៅលើអ្នកស្ម័គ្រចិត្តនៅជុំវិញពិភពលោក ដោយក្នុងនោះមាន ១០ប្រភេទត្រូវបានតេស្តលើមនុស្ស ។
ប្រមុខក្រុមអ្នកវិទ្យាសាស្ត្ររបស់ WHO រូបនេះ បានគូសបញ្ជាក់ថា ក្រុមអ្នកដែលជាគោលដៅថា នឹងទទួលបានថ្នាំនេះមុនគេ គឺមានបីក្រុមដែលសុទ្ធតែជាប្រភេទក្រុមមនុស្សងាយរងគ្រោះជាងគេបំផុត នៅចំពោះជំងឺរាតត្បាតសកល COVID-19។ ក្រុមទី ១ ជាអ្នកធ្វើការជួរមុខដូចជាបុគ្គលិកសុខាភិបាល និងមន្ត្រីនគបាល។ ចំណែកឯក្រុមទី ២ ជាប្រភេទក្រុមមនុស្សងាយឆ្លងដូចជា មនុស្សចាស់ជរា ឬអ្នកដែលមានជំងឺប្រចាំកាយ ខណៈក្រុមចុងក្រោយ គឺប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់មានអត្រានៃការឆ្លងខ្ពស់ ដូចជានៅសំណង់អាគារអនាធិបតេយ្យនៅតាមជ្រាយក្រុង ឬនៅតាមផ្ទះថែទាំជាដើម៕ដោយ៖ស តារា