ហុីយ៉ាន់ដាយ! ពន្លះសុីណាធ្លាក់ស្នាមភ្លោះរបួសធ្ងន់ ៣នាក់ នៅស្រុកបាកាន

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ យ៉ាងហោចមានមនុស្សស្រីប្រុសចំនួន ៣នាក់បានរងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងអ្នកបើកបររថយន្តធុនធំ និងរថយន្តប្រភេទទេសចរណ៍ ខណៈកំពុងធ្វើដំណើរច្រាស់គ្នា ។

ហេតុគ្រោះថ្នាក់ចរាចរណ៍ខាងលើ បានកើតឡើងនាព្រឹកថ្ងៃព្រហស្បត្តិ៍ ១៣រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ២០៦.២០៧ ស្ថិតនៅភូមិព្រៃផ្ដៅ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

សេចក្ដីរាយការណ៍ពីកន្លែងកើតហេតុ មុនដំបូងគេឃើញរថយន្ត ១គ្រឿងម៉ាក ហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3F 0295 បើកបរដោយឈ្មោះ ឆ្នាត់ ឆុង ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិក្ដុលលើ ឃុំក្ដុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង(ធ្ងន់) ធ្វើដំណើរក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច។ លុះមកដល់កន្លែងកើតហេតុបានបុករថយន្ត ១គ្រឿងទៀតម៉ាក តូយ៉ូតាសុីណា ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 2C 7075 ខណៈកំពុងធ្វើដំណើរច្រាស់ទិសគ្នា បណ្ដាលឲ្យធ្លាក់ចូលស្នាមភ្លោះទាំងសងខាងរបួសធ្ងន់អ្នកបើកបរ និងអ្នករួមដំណើរចំនួន ៣នាក់ ។

ប្រភពព័ត៌មានដដែលបន្តទៀតថា អ្នកបើកបររថយន្តម៉ាកតូយ៉ូតា សុីណា ឈ្មោះ ម៉េង រតនា ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.សង្កាត់ព្រែកព្រះស្ដេច ក្រុង.ខេត្តបាត់ដំបង(ធ្ងន់) និងអ្នករួមដំណើរឈ្មោះ ឈុំ សុផាត ភេទស្រី អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិអណ្ដូងចេញ សង្កាត់អូរចារ ក្រុង.ខេត្តបាត់ដំបង(ធ្ងន់) ។

ប្រភពដដែលបញ្ជាក់បន្ថែមថា ភ្លាមៗនោះជនរងរបួសបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យបង្អែកស្រុកបាកាន ។ចំពោះវត្ថុតាងរថយន្តទាំង ២គ្រឿង សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក បានចុះដល់កន្លែងកើតហេតុដើម្បីបន្តនីតិវិធី ៕

...

ដោយ÷បុឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print