ភ្នំពេញ៖ នេះជាលើកទី១០ហើយ ដែលសាលាដំបូងរាជធានីភ្នំពេញ លើកយកសំណុំរឿង ក្រុមចោរប្លន់កក្រើកក្រុងភ្នំពេញ កាលពីជិត៥ឆ្នាំមុន ចំនួន៤នាក់ មកធ្វើការជំនុំជម្រះបន្ត នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ ខណៈដែលពួកគេធ្លាប់បានចេញធ្វើសកម្មភាពប្លន់រាប់សិបលើក ហើយពេលសួរដេញដោលក្នុងសវនាការ ជនត្រូវចោទខ្លះភ្លេចកន្លែងដែលខ្លួនធ្លាប់ប្រព្រឹត្តិបទល្មើសថែមទៀត។
ជនជាប់ចោទទាំង៤នាក់នោះទី១៖ឈ្មោះ បូ លីណូ អាយុ៣៤ឆ្នាំ, ទី២៖ឈ្មោះ លី ហេង អាយុ២៥ឆ្នាំ, ទី៣៖ឈ្មោះ សុខ សង្ហា អាយុ២១ឆ្នាំ និងទី៤៖ឈ្មោះ រ៉េន សិលា អាយុ១៨ឆ្នាំ ។
នៅក្នុងសវនាការនៅព្រឹកមិញនេះ លោក ហម ម៉េងសែ ជាប្រធានក្រុមប្រឹក្សារជំនុំជម្រះ និងជាអនុប្រធានសាលាដំបូងរាជធានីភ្នំពេញ បានដឹកនាំសវនាការនេះ ដោយមានលោក គុជ គឹមឡុង ជាតំណាងអយ្យការ ។ ប៉ុន្តែសវនាការនេះ មិនទាន់បានបញ្ចប់នៅឡើយទេ ពោលប្រធានក្រុមប្រឹក្សាជំនុំជម្រះ លើកយកទៅបន្តនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ខាងមុខនេះ ។
បើតាមការការសួរដេញដោល ក្នុងអង្គសវនាការ ជនត្រូវចោទឈ្មោះ លី ហេង ក្នុងចំណោមបក្ខពួកពាក់ព័ន្ធ បានបញ្ជាក់ថា ខ្លួនត្រូវបានតុលាការ ចោទប្រកាន់ចំនួន១២ករណីផ្សេងគ្នា ហើយបានទទួលការជំនុំជម្រះចំនួន០៩ករណីរួចមកហើយ ដោយតុលាការបានសម្រេចដាក់គុកចំនួន៣៣ឆ្នាំ។ ជនត្រូវចោទឈ្មោះ លី ហេង បានបញ្ជាក់ទៀតថា សម្រាប់ទោសរបស់ខ្លួនដែលមានគឺនៅសល់ចំនួន០៣ករណីទៀតដែលតុលាការជំនុំជម្រះមិនទាន់ចប់។
គួរបញ្ជាក់ថា កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចផ្ទះជួល ផ្លូវលេខ៦៧បេតេ ក្រុមទី០៥ ភូមិ ត្នោតជ្រុំ១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យរាជធានីភ្នំពេញ កម្លាំងនគរបាលខណ្ឌមានជ័យ និងកម្លាំងប៉ុស្តិ៍បឹងទំពុន សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្រ្កាបក្រុមជនសង្ស័យប្លន់ម៉ូតូប្រដាប់អាវុធចំនួន០៤នាក់ ៕ដោយ៖សហការី