ខេត្តមណ្ឌលគិរី ៖ នៅព្រឹកថ្ងៃសុក្រ ១៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី មានរៀបចំកិច្ចប្រជុំវឌ្ឍនភាពការងារប្រចាំឆមាសទី១ ដើមឆ្នាំ២០២០ ក្រោមអធិបតីភាព លោក រ័ត្ន វិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ដែលបានអញ្ជើញសម្របសម្រួលក្នុងកិច្ចប្រជុំ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំមន្ទីរបរិស្ថាន ប្រធាន-អនុប្រធានការិយាល័យជំនាញ និងមន្រ្តីឧទ្យានុរក្សជាប្រធានស្នាក់ការនៅតាមបណ្ដាដែនជម្រកសត្វព្រៃទាំង៥ និងរបៀងអភិរក្សជីវៈចម្រុះ។
អញ្ជើញមានប្រសាសន៍សំណេះសំណាលក្នុងកិច្ចប្រជុំ លោក រ័ត្ន វិរៈ បានផ្ដាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងបានណែនាំដល់ថ្នាក់ដឹកនាំមន្ទីរបរិស្ថាន និងមន្រ្តីឧទ្យានុរក្សទាំងអស់ ឲ្យបន្តកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ចការងារក្នុងនាមជាអ្នកការពារ និងអភិរក្សធនធានធម្មជាតិឲ្យគង់វង្ស ជាពិសេសការបន្តរក្សាបាននូវសាមគ្គីភាព និងភាតរភាព ដើម្បីរួមគ្នាថែរក្សាការពារសម្បត្តិធម្មជាតិឲ្យបានស្ថិតស្ថេរ និងយូរអង្វែង។
លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ក្នុងកិច្ចប្រជុំក៏បានណែនាំដល់មន្រ្តីរាជការក្រោមឱវាទទាំងអស់ ធ្វើសេចក្ដីរាយការណ៍ពីវឌ្ឍនភាពការងារទៅក្នុងការិយាល័យជំនាញ និងការងារគ្រប់គ្រងរបៀងអភិរក្សជីវៈចម្រុះ ជូនអង្គប្រជុំ ក្នុងនោះបញ្ហាប្រឈម និងសំណូមពរនានាដែលបានលើកឡើងត្រូវបានដោះស្រាយទៅតាមដំណាក់កាល៕
ដោយ៖ សហការី