កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩​ នឹងប្រកាសដាក់អោយប្រើប្រាស់ជាផ្លូវការនៅ​​ថ្ងៃពុធទី២៤មិថុនា​ខាងមុខនេះ

ចែករំលែក៖

ភ្នំពេញ​ ៖​ ប្រមុខរាជ​រដ្ឋាភិបាល​កម្ពុជា​បញ្ជាក់​សំណេរនៅលេី​ទំព័រ​ហ្វេសប៊ុក​នៅថ្ងៃទី២១​ ខែមិថុនា​ ឆ្នាំ​២០២០នេះថា​ ដោយសារតែស្ថានការជំងឺឆ្លងកូវីដ-១៩កំពុងរាតត្បាតនៅទូទាំងពិភព​លោកគឺបានធ្វើអោយប៉ះពាល់យ៉ាងខ្លាំងមកលើសេដ្ឋកិច្ចជាតិកម្ពុជា​ ខណៈ​កម្មករ​កម្មការិនី​មួយចំនួនត្រូវបានផ្អាកការងារ ជាពិសេសបងប្អូនប្រជា​ពលរដ្ឋក្រីក្រនៅតាមជនបទដាច់​ស្រយាលមួយចំនួនក៏កំពុងជួបប្រទះការខ្វះខាតម្ហូបអាហារ​ ។ ដូច្នេះនៅថ្ងៃពុធទី២៤ មិថុនា​ខាងមុខនេះ សម្តេចតេជោ​ ហ៊ុន​ សែន​ នឹងប្រកាសដាក់អោយប្រើ​ប្រាស់ជាផ្លូវការនូវ “កម្មវិធីឧបត្ថម្ភ​សាច់ប្រាក់ជូនគ្រួសារក្រីក្រនិងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩” ។

តាម​រយៈ​សំណេររបស់​សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​កម្ពុជា​នៅលេី​ ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​សម្តេច​បញ្ជាក់​យ៉ាង​ដូច្នេះ​ទៀត​ថា​​ ទោះបីខ្ញុំមិនបានចុះទៅជួបបងប្អូនកូនក្មួយដោយផ្ទាល់នៅតាមមូលដ្ឋាន ឬតាមរោងចក្រសហគ្រាសនានា ប៉ុន្តែសេចក្តីនឹករឮករបស់ខ្ញុំតែងតែដក់ជាប់នឹកគិតដល់បងប្អូនជនរួមជាតិគ្រប់ៗគ្នាជានិច្ច។

សម្តេច​បញ្ជាក់​ទៀតថា​ ពិតណាស់ក្នុងស្ថានការដែលជំងឺឆ្លងកូវីដ-១៩កំពុងរាតត្បាតនៅទូទាំងពិភពលោកគឺបានធ្វើអោយប៉ះពាល់យ៉ាងខ្លាំងមកលើសេដ្ឋកិច្ចជាតិយើងផងដែរ។ ទន្ទឹមនឹងនោះ បងប្អូនកូនក្មួយមួយចំនួនត្រូវបានផ្អាកការងារ ជាពិសេសបងប្អូនប្រជាពលរដ្ឋក្រីក្រនៅតាមជនបទដាច់ស្រយាលមួយចំនួនក៏កំពុងជួបប្រទះការខ្វះខាតម្ហូបអាហារ។

ស្ថិតក្នុង​កាល:ទេស:នេះ​ រាជរដ្ឋាភិបាលកម្ពុជាបានខិតខំរិះរកវិធី​នានាដែលអាចធ្វើបានដើម្បីជួយបងប្អូនប្រជាពលរដ្ឋក្រីក្រក្នុងស្ថានភាពចាំបាច់នេះ។ នៅ​ថ្ងៃពុធទី២៤ មិថុនា​ ខាងមុខនេះ យើង​នឹងប្រកាសដាក់អោយប្រើប្រាស់ជាផ្លូវការនូវ “កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩” ។

សម្តេចតេជោ​បាន​ណែនាំ​ឲ្យ​សូមបងប្អូនប្រជាពលរដ្ឋបន្តយកចិត្តទុកដាក់ថែរក្សាសុខភាពកុំអោយឆ្លងមេរោគកូវីដ-១៩ ដោយប្រើប្រាស់ម៉ាសពាក់ការពារ ឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ អាល់កុល ឬចឹលសម្លាប់មេរោគ។

ចំពោះក្រុមហ៊ុន និងអ្នកគ្រប់គ្រងនៅតាមទីកន្លែងដែលមានការប្រមូលផ្តុំមនុស្សច្រើនដូចជាផ្សារ ផ្សារទំនើប សណ្ឋាគារ ភោជនីយដ្ឋាន ហាងកាហ្វេ ជាពិសេសក្លីនិក និងមន្ទីរពេទ្យព្យាបាលទាំងរដ្ឋនិងឯកជន ត្រូវមានទឹកអាល់កុល និងម៉ាស ដើម្បីអោយពលរដ្ឋឬអតិថិជនប្រើប្រាស់ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ពីម្នាក់ទៅម្នាក់ព្រោះតែការមើលស្រាលនិងការធ្វេសប្រហែស។

ឆ្លៀត​ឱកាស​ចុង​សប្តាហ៍​នេះ​ សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​កម្ពុជា​ បានជូនពរសូមជូនពរបងប្អូនចៀសផុតពីជំងឺឆ្លងកូវីដ-១៩ និងមានសុខសុវត្ថិភពក្នុងការធ្វើដំណើរជិតឆ្ងាយនៅទូទាំងប្រទេស៕​ ដោយ​ ៖​ ជាយក្រុង​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print