អន្តរជាតិ៖ ឡានក្រុងមួយគ្រឿង មានអាយុកាលតាំងពីឆ្នាំ១៩៤០ ដែលអ្នកផ្សងព្រេងវ័យ២៤ឆ្នាំម្នាក់ បានអត់អាហាររហូតដល់ដាច់ពោះស្លាប់នៅវាលរហោស្ថានអាឡាស្កា ត្រូវបានគេសណ្ដោងចេញ ដោយប្រើឧទ្ធម្ភាគចក្រកងទ័ពសហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ទី១៨ខែមិថុនាកន្លងទៅនេះ បន្ទាប់ពីមានអ្នកទេសចរណ៍បានស្លាប់ ខណៈពេលធ្វើដំណើរទៅមើលវា ។ ដោយឡានក្រុងដ៏ចំណាស់នោះ ត្រូវបានទុកចោលអស់រយៈពេលជាងកន្លះសតវត្សរ៍មកហើយ នៅភាគខាងលិចនៃទន្លេ Teklanika ។
យោងតាមនាយកដ្ឋានធនធានធម្មជាតិ បានឲ្យដឹងថា ជុំវិញនៃការសណ្ដោងនេះដែរ ត្រូវធ្វើឡើងបន្ទាប់ពីរដ្ឋបានកោះហៅឲ្យប្រតិបត្តិក្នុងការស្វែងរក និងជួយសង្គ្រោះពីករណី ទាក់ទងទៅនឹងឡានក្រុងចំនួន១៥របស់អ្នកទេសចរណ៍ ដែលបានបាត់នៅចន្លោះឆ្នាំ២០០៩ និងឆ្នាំ២០១៧ ។ ហើយឡានក្រុងដ៏ចំណាស់នោះ ត្រូវបានគេគិតថា វាគឺជាមូលហេតុដែលជំរុញឲ្យអ្នកទេសចរណ៍ ហ៊ានប្រថុយប្រថានឡើងភ្នំខណៈដែលឆ្លងកាត់នូវស្ថានភាពគ្រោះថ្នាក់យ៉ាងខ្លាំង ដើម្បីស្វែងរកវា ដោយក្នុងនោះមាន អ្នកផ្សងព្រេងចំនួនពីរនាក់ បានលង់ទឹកស្លាប់ក្នុងឧបទ្ទវហេតុដាច់ដោយឡែកពីគ្នាក្នុងឆ្នាំ២០១០ និង២០១៩ ។
គួរបញ្ជាក់ថា ឡានក្រុងដ៏ចំណាស់មួយគ្រឿងខាងលើនេះ ទទួលបានភាពល្បីល្បាញដោយសារសៀវភៅ និងខ្សែភាពយន្ដចំណងជើងថាInto The Wild ដែលសាច់រឿងប្រាប់ពីដំណើររឿងនៃការស្លាប់របស់បុរសឈ្មោះ Chris McCandless បន្ទាប់ពីលោកបានរស់នៅក្នុងឡានក្រុងរយៈពេល១១៤ថ្ងៃ ក្នុងរដូវក្តៅឆ្នាំ១៩៩២ ៕ដោយ៖ស តារា