ខេត្តក្រចេះ ៖ អ្នកខេត្តក្រចេះ នឹងលែងបានឃើញផ្ទះសសរ១០០ដែលស្ថិតនៅភូមិកោះកណ្តុរ ស្រុកឆ្លូង ខេត្តក្រចេះទៀតហើយ បន្ទាប់ពីម្ចាស់កម្មសិទ្ធិរុះរើយកទីតាំងសាងសង់លំនៅឋានថ្មី ដោយគ្មានស្តាយស្រណោះ ។
ផ្ទះសសរ១០០ ត្រូវបានគេដឹងថាជាផ្ទះបុរាណខ្មែរកសាង ប្រក់ក្បឿងស្រការលេញ និង មានអាយុកាលរហូតដល់ជាង១០០ឆ្នាំមកហើយ។ ផ្ទះនេះ សាងសង់តាម រចនាបថបែបខ្មែរសុទ្ធសាធដែលមានសសរឈើល្អៗមានខ្លឹមរឹងមាំចំនួន ១០០ ជារបស់ថៅកែឈើដ៏ធំមានទ្រព្យស្តុកស្តម្ភម្នាក់នៅស្រុកឆ្លូងនេះកាលពីសម័យមុនៗមក។ តាមការឲ្យដឹងពីអ្នកស្រុកថា លុះក្រោយមកដល់ជំនាន់ប៉ុលពតពួកគេបានរុះរីល្វែងមុខនិងល្វែងក្រោយអស់សសរខ្លះទៅហើយដើម្បីយកផ្ទះនេះធ្វើជាកន្លែងស្នាក់នៅរបស់កម្មាភិបាលខ្មែរក្រហម ។ សព្វថ្ងៃផ្ទះនេះនៅសល់សសរត្រឹមតែ ៤០ប៉ុន្តែនៅរឹងមាំល្អនៅឡើយ ។
បើតាមមន្តី្រក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លួចបង្ហើបឲ្យដឹងថា ក្រសួងមានការសោកស្តាយនិងចង់អភិរក្សផ្ទះនេះទុកជាសម្បត្តិវប្បធម៌និងថែរក្សាស្នាដៃខ្មែរ តែម្ចាស់មិនព្រម។ ពេលនេះក្រសួងមានបំណងទិញយកគ្រឿងឈើ ទៅថែរក្សានិងកំពុងចរចាជាមួយម្ចាស់ផ្ទះនៅឡើយ៕ ប្រាថ្នា