អន្តរជាតិ៖ យោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន CNN នារសៀលថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២០នេះ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានចោទប្រកាន់ជាសាធារណៈ ទៅលើអតីតប្រធានាធិបតីលោក បារ៉ាក់ អូបាម៉ា ថា «ក្បត់ជាតិ» គួរតែត្រូវផ្តន្ទាទោសប្រហារជីវិត ។
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ អស់រយៈពេលជាច្រើនខែមកហើយ ដែលបានចោទប្រកាន់អតីតប្រធានាធិបតី អូបាម៉ា ជាសាធារណៈ ថាបានប្រព្រឹត្តបទឧក្រិដ្ឋ ប៉ុន្តែលោកបានបដិសេធម្តងហើយម្តងទៀត ក្នុងការបញ្ជាក់ឲ្យច្បាស់ថា តើឧក្រិដ្ឋកម្មនោះជាអ្វីឲ្យប្រាកដ ។
លោក ត្រាំ បានអះអាងដោយគ្មានភស្តុតាង ក្នុងកិច្ចសម្ភាសន៍មួយជាមួយទូរទស្សន៍ CBN News ដែលបានចាក់ផ្សាយនៅថ្ងៃចន្ទម្សិលមិញនេះ (ម៉ោងនៅវ៉ាស៊ីនតោន) ថា លោក បារ៉ាក់ អូបាម៉ា បានប្រព្រឹត្តឧក្រិដ្ឋកម្ម «ក្បត់ជាតិ» ចំពោះការធ្វើចារកម្មលើយុទ្ធនាការបោះឆ្នោតរបស់លោក។
ឆ្លើយតបទៅនឹងសំនួររបស់អ្នកកាសែតដែលបានសួរបញ្ជាក់ថា តើលោក អូបាម៉ា បានប្រព្រឹត្តបទឧក្រិដ្ឋអ្វីឲ្យប្រាកដ លោក ត្រាំ បានលើកឡើងយ៉ាងដូច្នេះថា «វាជាទង្វើក្បត់ជាតិ។ ឃើញទេ! ពួកគេបានធ្វើចារកម្មមកលើយុទ្ធនាការរបស់ខ្ញុំ ជាយូណាស់មកហើយ…»។ មិនតែប៉ុណ្ណោះ លោក ត្រាំ ថែមទាំងបានគំរាមថា «ចាំមើលៗ តើនឹងមានអ្វីកើតឡើងចំពោះពួកគេ»។
យោងតាមរដ្ឋធម្មនុញអាមេរិក ទោសក្បត់ជាតិត្រូវបានកំណត់ន័យជារួមមួយថា «ជាទង្វើក្បត់ប្រឆាំងនឹងសហរដ្ឋអាមេរិក ឬជាការធ្វើសង្គ្រាមប្រឆាំងនឹងអាមេរិក ដែលជាការឈរនៅខាងសត្រូវ និងការផ្តល់ជំនួយទៅសត្រូវ»។ ទោសនេះគឺជាបទឧក្រិដ្ឋ ដែលត្រូវផ្តន្ទាទោសប្រហារជីវិត៕ដោយ៖ស តារា