ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ណាហ្គាវើលដ៍បេះដូងសប្បុរស ដែលជាផ្នែកទំនួលខុសត្រូវការងារសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ បានសន្យាឧបត្ថម្ភគាំទ្រដល់ក្រសួងសុខាភិបាលប្រយុទ្ធនឹងមេរោគកូវីដ–១៩ ដោយណាហ្គាវើលដ៍នឹងធ្វើការឧបត្ថម្ភជាបន្តបន្ទាប់ទៀត ។ នៅក្នុងការឧបត្ថម្ភលើកទីមួយដល់ក្រសួងសុខាភិបាល ណាហ្គាវើលដ៍បេះដូងសប្បុរសបានផ្តល់ជែលលាងដៃ៥០០ ដប និងកុំព្យូទ័រយួរដៃ ៥ គ្រឿងដើម្បីបង្កើនការងារធ្វើរោគវិនិច្ឆ័យ និងស្រាវជ្រាវ។
លើសពីនេះទៅទៀត នាយកគ្រប់គ្រងណាហ្គាវើលដ៍ លោក Pern Chen បានឲ្យដឹងថា ណាហ្គាវើលដ៍កំពុងរង់ចាំការមកដល់នៃម៉ាស៊ីនធ្វើតេស្តរកមេរោគកូវីដ–១៩ ឧបករណ៍ធ្វើតេស្តរកមេរោគចំនួន ៦.៤០០ ឈុត និងឧបករណ៍ប្រមូលសំណាកចំនួន ១.០០០ ឈុត។ ឧបករណ៍និងម៉ាស៊ីនធ្វើតេស្តរកមេរោគទាំងនេះ នឹងដើរតួនាទីយ៉ាងសំខាន់ដើម្បីជួយក្រសួងសុខាភិបាលប្រឆាំងនឹងមេរោគកូវីដ–១៩។
លោក Pern Chen បានបន្តថា ឧបករណ៍ដែលមានតម្លៃ ៥២.០០០ ដុល្លារអាមេរិកនេះ គឺជាផ្នែកមួយនៃការឧបត្ថម្ភរបស់ក្រុមហ៊ុនណាហ្គាវើលដ៍សម្រាប់ការប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ–១៩ របស់រាជរដ្ឋាភិបាលកម្ពុជា។ គួររំឭកផងដែរថា កាលពីប៉ុន្មានខែមុន ណាហ្គាវើលដ៍បេះដូងសប្បុរស បានឧបត្ថម្ភសម្ភារបង្ការមេរោគកូវីដ–១៩ ដល់ស្ថាប័នរដ្ឋផ្សេងទៀតផងដែរ រួមមាន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អគ្គស្នងការដ្ឋានគរបាលជាតិ ក្រសួងអប់រំ យុវជន និងកីឡា និងសាលារាជធានីភ្នំពេញ។ ការឧបត្ថម្ភទាំងនេះសរុបមានម៉ាស់មុខ៤០.០០០ សន្លឹក ជែលលាងដៃ ៤.០០០ ដប និងទឹកអាល់កុល ៧២០ លីត្រ។
លោក Pern Chen បានបញ្ជាក់ថា “យើងសង្ឃឹមថា ការឧបត្ថម្ភឧបករណ៍វេជ្ជសាស្ត្រ និងសម្ភាររបស់យើងដល់ក្រសួងសុខាភិបាល នឹងចូលរួមជួយដល់ការប្រយុទ្ធនឹងមេរោគកូវីដ–១៩ និងការពារប្រជាជនយើងឲ្យមានសុវត្ថិភាព”។
លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានទទួលសម្ភារទាំងនេះដោយផ្ទាល់ពីលោក Pern Chen ។លោកស្រី បានមានប្រសាសន៍ថា “យើងសូមកោតសរសើរចំពោះគំនិតផ្តួចផ្តើមរបស់ណាហ្គាវើលដ៍ដែលជាក្រុមហ៊ុនមានទំនួលខុសត្រូវគាំទ្រដល់ព្រះរាជាណាចក្រកម្ពុជាទប់ស្កាត់ការរាលដាលនៃមេរោគកូវីដ–១៩។ យើងក៏វាយតម្លៃខ្ពស់ផងដែរចំពោះការឧបត្ថម្ភកុំព្យូទ័រយួរដៃដើម្បីឲ្យមន្ត្រីរបស់យើងអាចប្រើប្រាស់ដើម្បីប្រមូលរបាយការណ៍ធ្វើរោគវិនិច្ឆ័យ និងស្រាវជ្រាវ។ ការឧបត្ថម្ភនៃជែលលាងដៃ នឹងជួយការពារសុខភាព និងសុវត្ថិភាពដល់ប្រជាជន និងសហគមន៍របស់យើងនៅក្នុងស្ថានភាពដ៏លំបាកនេះផងដែរ” ៕ដោយ៖ស តារា