ខេត្តកំពង់ធំ ៖ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ អាចនឹងរបូតដំណែង ពាក់ព័ន្ធនិងរឿងមិនប្រក្រតីជាច្រើន ដែលដឹកនាំខ្វះភាពទទួលខុស បំពាបំពានច្បាប់ កៀបសង្កត់កូនចៅ មិនអនុវត្តតាមការណែនាំថ្នាក់លើ ផ្គើនម្តងហើយ ម្តងទៀត ។ នេះប្រសិនបើខាងថ្នាក់លើស្រាវជ្រាវរកអោយឃើញពីកំហុសដូចនាយ នាយរង នគរបាលក្រោមឱវាទកំពុងរងគ្រោះ ហើយបានទម្លាយនោះ។
បើយោងតាមប្រភពព័ត៌មានសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា៖នៅក្នុងស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ
មានមន្ត្រីនគរបាលជាន់ខ្ពស់ចំនួន០៤នាក់ ដែលមានប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងជាស្នងការរង នៃ
ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ពួកគាត់បានត្អូញត្អែរថា ខ្លួនមានប្រកាសដែល សម្តេចក្រឡាហោម
ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ខ្លះមានរយៈពេលជាង ១ឆ្នាំ ខ្លះមានរយៈពេល
១០ខែហើយ មិនត្រូវបានលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ ស្នើសុំគោលការណ៍
ថ្នាក់លើ ដើម្បីរៀបចំធ្វើពិធីប្រកាសឲ្យពួកគាត់បានចូលកាន់តំណែងថ្មីធ្វើការងារនោះទេ ។ ពួកគាត់នៅតែមានចម្ងល់ គិតហើយគិតទៀត តើលោកស្នងការគាត់ធ្វើបែបនេះ ក្នុងគោលបំណងអ្វី ហើយមិនអនុវត្តតាមប្រកាសសម្តេចក្រឡាហោ ស ខេង មានអីជាសំអាងក្នុងចេតនារាំងស្ទះនេះ..?
ក្រុមមន្ត្រីក្រោមឱវាទបានទម្លាយថា៖ ក្រៅពីពួកគាត់ជាស្នងការរង ក៏នៅមានប្រកាស និងសេចក្តីសម្រេចមួយចំនួនទៀតដែលមិនបានធ្វើពិធីប្រកាសផ្ទៃក្នុង ដើម្បីឲ្យពួកគាត់បានចូលបម្រើការងារតាមតួនាទី ភារកិច្ចរបស់ខ្លួននៅឡើយទេ តាមការចាត់តាំងពីថ្នាក់លើ។ ពួកគាត់បានបង្ហាញពីសតិអារម្មណ៍ថ្នាំងថ្នាក់ មិនសប្បាយចិត្តចំពោះថ្នាក់ដឹកនាំរបស់ខ្លួន ដែលមិនបានយកចិត្តទុកដាក់អំពីសុខទុក្ខកូនចៅ។ ម៉្យាងទៀតពួកគាត់បាន
សង្កេតឃើញថា តាមបណ្តាខេត្តនានានៅជាប់ព្រំប្រទល់ជាមួយខេត្តកំពង់ធំ គឺបានធ្វើពិធីប្រកាសផ្ទៃក្នុងជាច្រើន
លើកទៅហើយ អភ័ព្វអ្វីតែខេត្តកំពង់ធំមួយ លោកស្នងការ គាត់ធ្វើអ្វីៗតាមតែចិត្តគាត់ នឹកឃើញទៅវិញ។
មន្ត្រីបានលើកពីកត្តាជាក់ស្តែងមកបង្ហើបថា៖ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ កន្លងទៅនេះ នាយកដ្ឋានបុគ្គលិក បានកោះហៅលោកស្នងការ
លោក-លោកស្រីស្នងការរង និងអធិការនគរបាលក្រុង -ស្រុកទាំងអស់ ទៅចូលរួមប្រជុំដើម្បីស្តាប់ប្រកាស របស់
ក្រសួងមហាផ្ទៃ ដែលធ្វើការព្រមានចំពោះលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ ខណៈខ្វះការយកចិត្តទុកដាក់លើការគ្រប់គ្រង និងដឹកនាំ ។ ក្នុងនោះចំពោះលោកស្នងការរងចំនួន០៣រូប និងលោកនាយការិយាល័យ០១រូប ត្រូវបានព្រមានក្នុងរូបភាព ធ្វេសប្រហែសក្នុងការអនុវត្តភារកិច្ចរបស់ខ្លួន ។
ក្រុមមន្ត្រីក្រោមឱវាទបានរម្លឹកថា៖ តាមប្រសាសន៍ណែនាំរបស់ នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរង និងជាប្រធាននាយកដ្ឋានបុគ្គលិក ពិសេសប្រសាសន៍ណែនាំរបស់ លោកសន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី
ក្រសួងមហាផ្ទៃ បានសង្កត់ធ្ងន់ចំពោះ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ នូវការព្រមានថា៖
ទី១-ត្រូវធ្វើការកែប្រែរាល់កំហុសឆ្គងរបស់ខ្លួនកន្លងមក , ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ ចេះស្រលាញ់
និងឲ្យតម្លៃចំពោះកូនចៅក្រោមឱវាទ ។
ទី២-ត្រូវអនុវត្តតាមតួនាទីភារកិច្ច ដែលមានចែងនៅក្នុងប្រកាសរបស់ក្រសួងមហាផ្ទៃ មិនអោយប្រើកម្លាំង
ខុសឋានានុក្រមទេ ។
ទី៣-ត្រូវមានការប្រជុំគណៈស្នងការ និងប្រជុំវាយតម្លៃមន្ត្រីដែលត្រូវស្នើផ្ទេរភារកិច្ច តែងតាំងមុខតំណែង
និងតម្លើងឋានន្តរស័ក្តិ បើគ្មានការប្រជុំ ថ្នាក់លើនឹងមិនអនុញ្ញាតទេ ។
ក្រៅពីចំណុចសំខាន់ៗទាំងបីខាងលើ ក៏នូវមានចំណុចជាច្រើនទៀតដែលថ្នាក់ដឹកនាំ តម្រូវឲ្យលោកស្នងការ ត្រូវយកចិត្តទុកដាក់កែប្រែ និងអនុវត្តឲ្យបានល្អប្រសើរឡើងវិញ ផងដែរ។
អស់រយៈពេលជាង០១ខែកន្លងទៅនេះ ថ្នាក់ដឹកនាំគណៈស្នងការ និងមន្ត្រីក្រោមឱវាទទាំងអស់សង្ឃឹមថា លោកស្នងការ ពិតជានិងអនុវត្តឲ្យបានល្អតាមអនុសាសន៍របស់ថ្នាក់ដឹកនាំ និងការប្តេជ្ញាចិត្តរបស់ខ្លួនដែលបានសន្យាថានឹងកែប្រែរាល់កំហុសឆ្គងកន្លងមក តែផ្ទុយស្រឡះ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល មិនបានកែប្រែ និងអនុវត្តតាមអនុសាសន៍ណែនាំរបស់ នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរង និងជាប្រធាននាយកដ្ឋានបុគ្គលិក ពិសេសប្រសាសន៍ណែនាំរបស់ លោក សន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នោះទេ ហើយលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល បាន
បង្កើនការគៀបសង្កត់កូនចៅលើសពីមុនទៅទៀត គឺគិតតែពីរករឿងកូនចៅដើម្បីដាក់កំហុស ដាក់វិន័យ និងគំរាម
កាត់ចេញពីក្របខណ្ឌទៅវិញ មិនបានគិតគូរយកចិត្តទុកដាក់ចំពោះមន្ត្រីនគរបាលសកម្មការងារ លើកទឹកចិត្ត តម្លើងឋានន្តរស័ក្តិ ឬមុខតំណែង ឬជូនប័ណ្ណសរសើរ លិខិតសរសើរនោះទេ ពិសេសចំពោះមន្ត្រីនគរបាលជាស្ត្រីមួយចំនួនគឺ គាត់បានគំរាមមិនឲ្យតម្លើងស័ក្តិ ឬតែងតាំងទេ ដោយគាត់មានកំហឹងចំពោះមន្ត្រីនគរបាលនារីទាំង
នោះថា បានចោទប្រកាន់រូបគាត់បំពារបំពាន និងរុកគូនខាងផ្លូវភេទ និងប្រទូស្តកេរ្តិ៍ខ្មាស់ចំពោះកូនចៅជានារី ។ ចំពោះបញ្ហានេះ
មន្ត្រីនគរបាលជានារីក៏បានលើកដៃសំពះសំណូមពរដល់ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលទទួលកិច្ចការងារយេនឌ័រ ពិសេសពួកគាត់ជាជនរងគ្រោះលើកដៃសំពះអង្វរដល់
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ពិសេស
នារីរងគ្រោះ និងទន់ខ្សោយ សូមសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជួយរកយុត្តិធម៌ឲ្យពួកគាត់ផង ។
មន្ត្រីបន្តថា៖ ក្រៅពីរឿងការដឹកនាំមិនកែប្រែ រឿងមន្ត្រីនគរបាលជានារីមិនបានដោះស្រាយឲ្យមានយុត្តិធម៌ លោកស្នង
ការរូបនេះនៅមានរឿងអាស្រូវមួយទៀតដែលមិនទាន់បានដោះស្រាយដែរ គឺរឿងស្ទួចរថយន្ត ម៉ាស្តា របស់
នគរបាលខេត្តព្រះវិហារ យកមកបាញ់ថ្នាំប្តូរពណ៌ថ្មី ដោយបិទឡូហ្គោ នគរបាល ចាប់សុីរ៉ែន និងដាក់ថា “អំណោយ
របស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។
ក្រោយមកលក់ទៅឲ្យមន្ត្រីនគរបាលស្រុកបារាយណ៍ក្នុងតម្លៃ ៦,០០០(ប្រាំមួយពាន់)ដុល្លារ ។ ទោះបីជាម្ចាស់
ដើមគេមកសុំវិញក៏គាត់មិនព្រមអោយដែរ ករណីនេះម្ចាស់រថយន្តក៏បានដាក់ពាក្យបណ្តឹងទៅខាងកម្លាំងកងរាជអាវុធហត្ថខេត្ត ហើយក៏បានកោះហៅជនសង្ស័យ២នាក់ជានគរបាល សួរនាំ និងសារភាពថា ខ្លួនជិៈឡាននោះ ដោយសារទិញពីលោកស្នងការ។ ករណីនេះខាងកម្លាំងកងរាជអាវុធហត្ថខេត្ត បានបញ្ជូនសំណុំរឿងទៅកាន់អយ្យការ រួចហើយ។
សូមបញ្ជាក់ថា៖ រថយន្ត១គ្រឿងម៉ាក« ម៉ាស្តា»ពណ៍ត្រេអុីចង្កូតស្តាំ អត់ស្លាកលេខ ត្រូវមន្ត្រីនគរបាលស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ឈ្មោះ សេង វណ្ឌី អាយុ ៣៣ឆ្នាំ រស់នៅភូមិសំរោង សង្កាត់ប្រណាក ក្រុង-ខេត្តព្រះវិហារ បានបើកដឹកប្រពន្ធមកឆ្លងទន្លេ(សម្រាលកូន) នៅភ្នំពេញ តែបើកមកដល់ចំណុចភូមិ-ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ រថយន្តក៏ខូច បានសម្រេចចិត្តផ្ញើនៅផ្ទះអ្នកភូមិ រួចជួលឡានតាក់សុីជិះដឹកភរិយាបន្តមកភ្នំពេញ។ ទីបំផុតលោកស្នងការ បែជាបញ្ជាកូនចៅអោយទៅស្ទួចយកឡានរបស់ឈ្មោះ សេង វណ្ឌី មកធ្វើជារបស់ខ្លួន និងព្យាយាមយកឡាននោះ ទៅបាញ់ថ្នាំពណ៍ស ដាក់ឡូហ្គោ នគរបាលជាតិ និងសរសេរថា ជាអំណោយរបស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ។ នេះជាអំពើមួយខុសឆ្គងបំផុត ក្នុងនាមជាមន្ត្រីនគរបាលយុត្តិធម៍ យកឡានអ្នកដទៃមកធ្វើជាកម្មសិទ្ធរបស់ខ្លួន ហើយម្ចាស់ឡានស្នើសុំវិញ ជាច្រើនដង ក៏លោកស្នងការមិនព្រមឱ្យគេវិញ ឈានដល់យកទៅលក់បន្តឱ្យមន្ត្រីនគរបាលជាកូនចៅរបស់ខ្លួនក្នុងតំលៃ ៦០០០ដុល្លារអាមេរិក។
មន្ត្រីក្រោមឱវាទបានរិៈគន់ថា៖ ចំពោះទង្វើដ៏អាក្រក់របស់លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ដែលធ្វើអោយមានរឿងអាស្រូវ និងប្រព្រឹត្តខុសឆ្គងមិនព្រមកែប្រែម្តងហើយម្តងទៀត ពីរឿងមួយទៅរឿងមួយ គឺដោយសារលោកអាង លោក
សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ជាខ្នងបង្អែកដ៏រឹងមាំមិនអាចអ្នកណាធ្វើអ្វីគាត់បានទេ ។
មន្ត្រីនគរបាលក្នុងស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ កំពុងមានសតិអារម្មណ៍មិននឹងនរ ព្រោះមានមេដឹកនាំគ្មានគុណធម៌ គ្មានសីលធម៌ គ្មានសុជីវធម៌ ធ្វើបាបតែកូនចៅ មិនស្តាប់មតិយោបល់មន្ត្រីថ្នាក់ក្រោម អោបក្រសោបតែបក្ខពួកខ្លួន ធ្វើឲ្យមានការបែកបាក់សាមគ្គីភាពផ្ទៃក្នុងយ៉ាងធ្ងន់ធ្ងរ ។
ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលក្នុងស្នងការដ្ឋាននគរបាលខេត្តកំពង់ធំស្ទើតែ៩០% សំណូមពរដល់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាស្រាវជ្រាវពីកំហុសដឹកនាំខាងលើនេះ ដើម្បីជាទុន ឈានដលធ្វើការផ្លាស់ប្តូរលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ចេញពីស្នងការនគរបាលខេត្តកំពង់ធំ ទៅកាន់អង្គភាពផ្សេង។
ក្រុមមន្ត្រីបានលើកឡើងថា៖ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ មិនគោរពគោលការណ៍ថ្នាក់ដឹកនាំ
ថែមទាំងបង្កើនបក្ខពួក ញុះញុងអោយបែងចែក និងមិនគោរពតាមតួនាទីភារកិច្ច តាមឋានានុក្រម ។ ព្រម
ទាំងយកមនុស្សជំនិតរបស់ខ្លួនគឺលោក អនុសេនីយ៍ឯក ជ័យ ចាន់គង់ នាយផ្នែក, អនុសេនីយ៍ឯក ស៊ូ សំអែ
នាយរងផ្នែក, អនុសេនីយ៍ឯក ហ៊ាន សាលឹម នាយរងផ្នែក, អនុសេនីយ៍ឯក លឹម រដ្ឋា នាយរងផ្នែក, នៃការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច និងលោកអនុសេនីយ៍ឯក ហ៊ីង ម៉េង នាយរងផ្នែកនៃការិយាល័យប្រឆាំងភេវកម្ម
ចុះធ្វើសកម្មភាពគៀបសង្កត់អ្នករកស៊ី បន្តិចបន្តួចដើម្បីប្រមូលលុយយកជូនលោកស្នងការ ដោយអ្នកទាំងបានហ៊ាននិយាយក្លែងៗថា «អញមិនខ្លាចនរណាទេ ព្រោះអញជាមនុស្សរបស់លោកស្នងការ »។ ពាក់ព័ន្ធក្នុងករណីនេះ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ នៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ បានឱ្យអង្គភាព «នគរដ្រេហ្គន»ដឹងតាមទូរស័ព្ទថា៖ ចំពោះលោកស្នងការរង ៤រួបនោះ មិនមានអ្វីជាបញ្ហាទេ ខណៈពួកគាត់កំពុងនៅធ្វើជាមួយគ្នារាល់ថ្ងៃ ទោះមិនប្រកាសក៏គាត់ជាស្នងការរងទៅហើយ និងធ្វើការធម្មតាតើ។ លោកស្នងការបន្តថា៖ ក្នុងករណីនគរបាលនារីចោទប្រកាន់គាត់រឿង រូបគាត់បំពារបំពាន និងរុកគូនខាងផ្លូវភេទ និងប្រទូស្តកេរ្តិ៍ខ្មាស់ នោះ ជារឿងមួយដែលលោកឮគេលើកឡើងដែរ តែពុំមែនជាការពិតឡើយ គ្មានមេដឹកនាំអង្គភាពណា ទៅប្រព្រឹត្តបែបនេះទេ។ ដោយឡែករឿងឡាននោះ ទោះគេយ៉ាងមេច ជារឿងរបស់គេ សំខាន់ទុកឱ្យខាងតុលាការចាត់ការចុះ លោកមិនចង់បកស្រាយ និងនិយាយអីច្រើនលើសពីការងារលោកទេ។
លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានបញ្ជាក់ថា៖ ការចាត់តាំងមន្ត្រីនគរបាលឱ្យធ្វើការ មិនមែនជារឿងទៅប្រមូលលុយកាក់អីទេ គឺពួកគេអនុវត្តតាម តួនាទី ភារកិច្ច ឋានានុក្រមការងារតែប៉ុណ្ណោះ ហើយចំពោះបញ្ជាថ្នាក់លើលោកអនុវត្ត ។
ដោយឡែក លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ ក្នុងករណីដែលមានមន្ត្រីនគរបាលរិៈគន់ថា លោកស្នងអាងអំណាចលោកអភិបាលខេត្តហ៊ានធ្វើអ្វីផ្តេសផ្តាស់ តាមទូរស័ព្ទជាមួយអង្គភាព «នគរដ្រេហ្គន» លោកមិនបានធ្វើការអធិប្បាយអ្វីវែងឆ្ងាយឡើយ ដោយលោកបញ្ជាក់យ៉ាងខ្លីថា៖ «ខ្ញុំក្តោបរឿងទាំងនោះមិនជុំ បើរឿងលោកស្នងការ សូមសួរទៅកាន់គេផ្ទាល់ទៅ ខ្ញុំជាប់ប្រជុំផងដែរ..»។
ចំពោះករណី លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានយកឡានអ្នកដទៃលក់ មិនប្រកាសស្នងរង៤រូប ចូលកាន់តំណែង , ក្នុងករណីនគរបាលនារីចោទប្រកាន់គាត់រឿង រូបគាត់បំពារបំពាន និងរុកគូនខាងផ្លូវភេទ និងប្រទូស្តកេរ្តិ៍ខ្មាស់ , បក្ខពួកនិយម ,។ល។ អង្គភាព«នគរដ្រេហ្គន» មិនអាចទំនាក់ទំនងសុំការបំភ្លឺបានទេពី នាយឧត្តមសេនីយ៍ ឆាយ គឹមខឿន អគ្គស្នងការរង នគរបាលជាតិ និងជាអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ដោយទូរស័ព្ទចូលគ្មានអ្នកទទួល៕
ដោយ៖ សុខ ខេមរា