ប្រេសុីល៖សហព័ន្ធបាល់ទាត់ប្រេស៊ីលបាននិយាយថា ការប្រកួតជើងឯកនៃក្របខ័ណ្ឌ Serie A របស់ប្រេស៊ីលនឹងចាប់ផ្តើមនៅដើមខែសីហាដោយរង់ចាំការយល់ព្រមពីមន្រ្តីសុខាភិបាលរដ្ឋ និងអាជ្ញាធរក្រុងជាមុន។
សហព័ន្ធបាល់ទាត់ប្រទេសប្រស៊ីល (CBF) និងតំណាងក្លឹបបានកំណត់គោលដៅជាស្ថាពរនៅថ្ងៃទី៩ ខែសីហាដើម្បីចាប់ផ្តើមរដូវកាល ដែលត្រូវចាប់ផ្តើមកាលពីខែឧសភា ប៉ុន្តែត្រូវបានផ្អាកដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩។ ចំណែកលីគទី២ Serie B គ្រោងចាប់ផ្តើមនៅថ្ងៃទី៨ ខែសីហា។
សហព័ន្ធបាល់ទាត់ប្រទេសប្រស៊ីលបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា “ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំមួយដែលបានរៀបចំឡើងដោយ CBF រួមគ្នាជាមួយគណៈកម្មាធិការជាតិនៃក្លឹបដោយមានការចូលរួមពីក្លឹបចំនួន៤០ផងដែរ”។
យោងតាម CBF បានបន្ថែមថា មានតែក្លឹបមួយក្នុងចំណោមក្លឹបទាំង២០ប៉ុណ្ណោះដែលបានបង្ហាញឆន្ទៈក្នុងការលេងនៅក្រៅទីក្រុងរបស់ពួកគេប្រសិនបើរដ្ឋាភិបាលក្នុងតំបន់មិនដកបំរាមបណ្តោះអាសន្នលើកម្មវិធីប្រកួតទេនោះ។ ចំណែកការវិលត្រឡប់នៃបាល់ទាត់នេះវាអាស្រ័យលើការអនុញ្ញាតពីអាជ្ញាធរសុខាភិបាល។
គួរបញ្ជាក់ថា កម្មវិធីបាល់ទាត់នៅក្នុងប្រទេសប្រស៊ីលដែលស្ថិតក្នុងតំបន់អាមេរិកខាងត្បូងត្រូវបានបញ្ឈប់នៅពាក់កណ្តាលខែមីនាដែលជាផ្នែកមួយនៃកិច្ចប្រឹងប្រែងដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ ការប្រកួតជើងឯករដ្ឋរបស់ទីក្រុងរីយ៉ូបានក្លាយជាការប្រកួតនៅប្រេស៊ីលដំបូងបង្អស់ដែលបានចាប់ផ្តើមឡើងវិញនៅពេលដែលFlamengoយកឈ្នះក្រុម Maracana ៣-០ នៅពហុកីឡដ្ឋានម៉ារ៉ាកាកាលពីថ្ងៃទី១៨ ខែមិថុនាកន្លងទៅ ។
រហូតមកដល់ពេលនេះប្រទេសប្រេស៊ីលមានករណីឆ្លងជំងឺកូវីដ-១៩មានជាង១,២លាននាក់ក្នុងនោះជាង៥៥.០០០នាក់បានស្លាប់តួលេខនេះគឺជាចំនួនខ្ពស់បំផុតក្នុងចំណោមបណ្តាប្រទេសនៅតំបន់អាមេរិកខាងត្បូង ៕ដោយ៖ភារៈ