ក្រុមមន្រ្តីបាននិយាយកាលពីថ្ងៃសុក្រថា ក្រុមអ្នកគាំទ្របាល់ទាត់មួយក្រុមនៅក្នុងប្រទេសបង់ក្លាដែសត្រូវបានពិន័យជាប្រាក់សម្រាប់ការប្រារព្ធខួបកំណើត៣៣ឆ្នាំរបស់តារាឆ្នើមអាហ្សង់ទីន Leonel Messiដោយសារតែពួកគេបានរំលោភគោលការណ៍ណែនាំសុខភាពរបស់អាជ្ញាធរក្នុងការទប់ស្កាត់ការប្រមូលផ្តុំគ្នានឹងជំងឺកូវីដ-១៩។
មនុស្សប្រមាណ១៥នាក់ត្រូវបានគេឃើញប្រមូលផ្តុំគ្នានៅឯភោជនីយដ្ឋានមួយសម្រាប់ថ្ងៃកំណើតរបស់ខ្សែប្រយុទ្ធក្រុមអ្នកមានបុណ្យ Barcelona នៅក្នុងស្រុក Chuadanga ជិត១៧០គីឡូម៉ែត្រខាងលិចទីក្រុងដាកាប្រទេសបង់ក្លាដែស។
អ្នកគាំទ្រត្រូវបានអាជ្ញាធរពិន័យជាប្រាក់100Katas (រូបបិយប័ណ្ណបង់ក្លាដែស) ដែលមានតម្លៃប្រហែល១,១៧ដុល្លារសហរដ្ឋអាមេរិក ពីបទមិនគោរពបទបញ្ជាដែលអាជ្ញាធរហាមមិនឲ្យជួបជុំគ្នា ក្នុងស្ថានភាពកូវីដ-១៩។ អាជ្ញាធរអះអាងថា ម្ចាស់ភោជនីយដ្ឋានត្រូវបានពិន័យជាប្រាក់60000Katas(៧០,៧១ដុល្លារ) ពីបទអនុញ្ញាតឲ្យមនុស្សប្រមូលផ្តុំគ្នា។
គួររំលឹកថាបន្ទាប់ពីបានដកការបិទប្រទេសនៅថ្ងៃទី៣០ ខែឧសភាពេលនេះប្រទេសបង់ក្លាដែសបានដាក់បទបញ្ជាកុំឲ្យប្រជាជនមានការប្រមូលផ្តុំគ្នាច្រើនដើម្បីកាត់បន្ថយការរីករាលដាលនៃមេរោគកូវីដ-១៩ ៕ដោយ៖ភារៈ