ពិភពលោក៖ តាមគេហទំព័រ Worldometers នៅថ្ងៃទី២៨ខែមិថុនា នេះ បានផ្សាយថា៖ នៅទូទាំងពិភពលោកមានអ្នកឆ្លងកូវីដ-១៩ កើនឡើងដល់ជាង ១០ លាននាក់ហើយ ។ ចំណែកអ្នកស្លាប់វិញក៏បានកើនឡើងជាង៥សែននាក់ និងជាសះស្បើយពីជំងឺ ជាង ៥,៤លាននាក់។
ក្នុងរយៈពេល២៤ម៉ោង កន្លងមក អាមេរិក ប្រេស៊ីល ឥណ្ឌា គឺជាប្រទេសដែលមានករណីឆ្លងកូវីដ១៩ ច្រើនជាងគេបង្អស់។ ក្នុងរយៈពេល២៤ម៉ោងកន្លងមក អាមេរិក មានអ្នកឆ្លងកូវីដ១៩ ដល់ទៅ43.557 នាក់ថ្មី និងស្លាប់៥១២នាក់ ធ្វើឲ្យអាមេរិកមានអ្នកឆ្លងកូវីដ១៩ កើនឡើងដល់ទីជាង២,៥លាននាក់។
ជាមួយគ្នានេះដែរ នាយកដ្ឋានប្រយុទ្ធប្រឆាំង ជំងឺឆ្លងអាមេរិក(CDC បានផ្តល់ការប៉ាន់ស្មានថា សហរដ្ឋអាមេរិក ប្រហែលអាចមានអ្នកឆ្លង COVID-19 ច្រើនជាង២០លាននាក់ គឺលើសតួលេខផ្លូវការដល់ទៅ១០ដងឯណោះ។
នាយកទីភ្នាក់ងារ CDC លោក Robert Redfield បានបញ្ជាក់ថា «ការប៉ាន់ស្មានប្រសើរបំផុតរបស់យើងនាពេលបច្ចុប្បន្ន គឺថា រាល់មួយករណីដែលត្រូវបានរាយការណ៍ តាមពិតមានដល់ទៅ១០ករណីឯណោះ»។ ប្រការនេះមានន័យថា ករណីឆ្លងពិតប្រាកដ គឺទំនងជាច្រើនជាង២០លាននាក់ ខណៈគិតត្រឹមពេលនេះ តួលេខករណីឆ្លងផ្លូវការនៅសហរដ្ឋអាមេរិក គឺជាង២.៥លាននាក់»៕
ដោយ៖ ធី រីណា