អត្ថប្រយោជន៍យ៉ាងតិច៦យ៉ាងដល់សុខភាពចំពោះអ្នកហែលទឹកជាប្រចាំ

ចែករំលែក៖

ការលេងកីឡានិងហាត់ប្រាណមានច្រើនប្រភេទដែលធ្វើឲ្យសុខភាពរបស់មនុស្សបានល្អ។ក្នុងនោះការហែលទឹកជាប្រចាំយ៉ាងហោចណាស់មានប្រយោជន៍ដ៏សុខភាពយ៉ាងពិសេស ៦ យ៉ាងផងដែរ

១. ដំណើរការ​របស់​សួត​ល្អ​ជាង​មុន

ការ​ហែល​ទឹក​ជា​ប្រចាំ​ គឺ​ជា​មធ្យោបាយ​ដ៏​ល្អ​មួយ​ក្នុង​ការ​ពង្រឹង​ដំណើរការ​របស់​សួត។ ការ​សិក្សា​បាន​ឲ្យ​ដឹង​ថា​ការ​ហែលទឹក​ល្អ​ជាង​ការហាត់​យ៉ូហ្គា​ បើយើង​​ចង់​ឲ្យ​ដំណើរការ​របស់​សួត​មាន​ភាព​ប្រសើរ​ជាង​មុន។ នេះ​មក​ពី​ការ​ហែល​ទឹក​អាច​ជួយ​បង្កើន​ភាព​យឺត​របស់​សាច់ដុំ​ (muscle elasticity) សួត និង​ទ្រូង។

២. សន្លាក់​នឹង​រឹងមាំ​ជាង​មុន​

ការ​ហែល​ទឹក​ជួយ​ទ្រ​ទម្ងន់​របស់​យើង​បាន​រហូត​ដល់​៩០% ហេតុ​នេះ​ហើយ​ទើប​ការ​ហែល​ទឹក​ជា​លំហាត់ប្រាណ​ដ៏​ល្អ​បំផុត​សម្រាប់​គ្នាយើង​ដែល​មាន​ការ​ឈឺ​ចាប់​នៅ​សន្លាក់​បង្ក​ដោយ​ជំងឺ​រលាក​សន្លាក់ (arthritis )។ ការ​ហែលទឹក​ជា​ប្រចាំ​អាច​ជួយ​កាត់បន្ថយ​ហានិភ័យ​ជំងឺ​រលាកសន្លាក់​ ដោយ​សាច់ដុំ​របស់​យើង​បាន​ធ្វើ​លំហាត់ប្រាណ​ជា​ប្រចាំ​ និង​ជួយ​ឲ្យ​សាច់ដុំ​ជុំវិញ​សន្លាក់​មាន​ភាព​រឹងមាំ។

៣. ជួយ​ឲ្យ​ខ្នង​រឹងមាំ

សម្រាប់​គ្នា​យើង​ដែល​មាន​បញ្ហា​ឈឺ​ខ្នង​រ៉ាំរ៉ៃ​ដូចជា sciatica (ការ​ឈឺ​សរសៃ Sciatic ដែល​ជា​សរសៃ​ធំ​បំផុត​នៅ​ជើង​របស់​យើង ដោយ​វាចាប់​ឈឺ​ពីខ្នង​ខាងក្រោមហូត​ដល់​ជើង) ការហែល​ទឹក​អាច​ជួយ​បង្កើន​សាច់ដុំ​ខ្នង និង​បន្ថយ​ការ​ឈឺ​ចុកចាប់​ទៀត​ព្រោះ​រាងកាយ​របស់​យើង​អណ្ដែត​ក្នុង​ទឹក។

៤. ជួយ​ដុត​បំផ្លាញ​កាឡូរី

ការ​ហែលទឹក​៣ដង​ក្នុង​មួយ​សប្ដាហ៍​អាច​ដុត​បំផ្លាញ​កាឡូរី​បាន​យ៉ាង​ល្អ​ ស្របពេល​ដែល​ការ​ហែល​ទឹក​​ក៏​ជួយ​ពង្រឹង​សាច់ដុំ​ដែរ។ នៅ​ពេល​ហែលទឹក​៣០​នាទី យើង​អាច​ដុតកាឡូរី​បានរហូត​ដល់​ ៣០០​កាឡូរី។

៥. ពន្យឺត​ភាព​ចាស់

ការ​សិក្សា​មួយ​បាន​លើក​ឡើង​ថា​ ចំពោះអ្នក​ដែល​អាច​​ហែលទឹកបាន​ចម្ងាយ​៣២០០ ទៅ៤៥០០ម៉ែត្រ​ និង​ធ្វើបានពី​៣ទៅ៥ដង​ក្នុង​មួយ​សប្ដាហ៍ ​អាច​ពន្យារ​ភាព​ចាស់​របស់​ខ្លួនឲ្យ​នៅ​ក្មេង​ជាង​វ័យ​មិនតិចជាង​១០​ឆ្នាំ​នោះទេ។ ការសិក្សា​នេះ​និយាយ​ថា​នេះ​មក​ពី​សាច់ដុំ​របស់​អ្នក​ហែល​ទឹក​ជា​ប្រចាំកាន់តែមាន​ភាពរឹងមាំ ​ដែល​សាច់ដុំនេះជា​ចំណុច​សំខាន់​នៃ​ការ​ថយ​ចុះ​នៃ​ដំណើរការ​ភាព​ចាស់​ និង​សុខភាព​ផ្លូវ​កាយ។

៦. គេង​លក់​ស្រួល

ការ​ហែល​ទឹក​ជួយ​ដល់​ផ្លូវ​ចិត្ត និង​ការ​គេង​។ ការសិក្សាខ្លះបាន​បង្ហាញថា​ការ​ហែលទឹក​ជា​លំហាត់ប្រាណ​សំខាន់​ជួយ​ដល់​ការ​គេង​មិន​លក់។ នេះ​ជា​ដំណឹង​ល្អ​សម្រាប់​គ្នាយើង​ដែល​មាន​បញ្ហា​គេង​មិន​លក់ អាចសាកល្បង​ជ្រើស​យកការហែលទឹក​ជា​លំហាត់ប្រាណវិញ​បាន។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print