ខេត្តស្វាយរៀង៖ ក្មេងប្រុសម្នាក់ត្រូវបានអ្នកភូមិប្រទះឃើញលង់ទឹកបៀខាងកើតផ្ទះប្រមាណ៥០០ម៉ែត្របង្កការភ្ញាក់ផ្អើលនិងប្រញាប់ប្រញាល់ជួយសង្គ្រោះនិងរាយការណ៍ទៅសមត្ថកិច្ចជំនាញដើម្បីឱ្យមកពិនិត្យសព។
ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១២ ថ្ងៃទី២៨ ខែមិថុនាឆ្នាំ ២០២០ នៅចំណុចភូមិកក់ ឃុំស្វាយរំពារ ស្រុកស្វាយទាបខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបាន ឱ្យដឹងថា ក្មេងប្រុសខាងលើនេះមានឈ្មោះតុន ឡុង អាយុ១៤ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិឃុំកើតហេតុ។
ប្រភពបន្តថា សមត្ថកិច្ចជំនាញបានមកពិនិត្យសពជាមួយគ្រូពេទ្យជាងមួយម៉ោងទើបសន្និដ្ឋានថាជនរងគ្រោះពិតជាស្លាប់ដោយលង់ទឹកបៀប្រាកដមែន មិនមានស្លាកស្នាមអ្វីដែលសម្គាល់ថាជារឿងឃាតកម្មនោះទេ។
បើតាមក្រុមគ្រួសារ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា កូនប្រុសគាត់មានជំងឺប្រចាំកាយ(ឆ្កួតជ្រូក)យូរឆ្នាំមកហើយដោយក្រុមគ្រួសារធ្លាប់បានយកទៅព្យាបាលនៅមន្ទីរពេទ្យដែរប៉ុន្តែនៅមិនបានធូរស្រាលសោះនិងធ្វើទុក្ខម្ដងៗទើបចេះតែបណ្ដែតបណ្ដោយរហូតដល់ព្រឹកនេះតែម្ដង។
សពត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដូលបំផុត ៕ យឹម សុថាន