អន្តរជាតិ៖ កាលពីយប់ថ្ងៃអាទិត្យទី២៨ ម្សិលមិញនេះ សមាជិកសភា មកពីគណបក្សប្រឆាំងដ៏ធំមួយរបស់កោះតៃវ៉ាន់ឈ្មោះ គួមីនតាង ឬហៅកាត់ថា KMT ប្រមាណជាង២០រូប បានចូលកាន់កាប់អគារក្រុមប្រឹក្សានីតិបញ្ញត្តិ (Legislative Yuan) ដើម្បីធ្វើការតវ៉ាប្រឆាំងនឹង «ភាពផ្តាច់ការរបស់រដ្ឋាភិបាល» និងការតែងតាំងជំនួយការរបស់ប្រធានាធិបតី ធ្វើជាអ្នកឃ្លាំមើលរដ្ឋាភិបាល។
បើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២០នេះ នៅក្នុងសេចក្តីថ្លែងការណ៍របស់គណបក្សKMT បានលើកឡើងថា ខ្លួនកំពុងធ្វើការតវ៉ាប្រឆាំងនឹងគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ ឬហៅថា DPP ដែលជាគណបក្សកាន់អំណាចបច្ចុប្បន្ន និការតែងតាំងលោកស្រី ឈិន ជូ (Chen Chu) ដែលជាជំនួយការផ្ទាល់របស់លោកស្រីប្រធានាធិបតី ត្សៃ អ៉ីងវិន (Tsai Ing-wen) ធ្វើការជាអ្នកដឹកនាំក្រុមត្រួតពិនិត្យឈ្មោះយាន (the Control Yuan) ដែលជាស្ថាប័នឃ្លាំមើលកិច្ចការងាររដ្ឋាភិបាល។
សេចក្តីថ្លែងការណ៍ដដែល បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «ឆ្នាំនេះរដ្ឋាភិបាលលោកស្រី Tsai បានប្រែក្លាយជាផ្តាច់ការជាងមុន… ភាពរឹងចចេសរបស់ Tsai បានបង្ខំឲ្យគណបក្សគួមីនតាង គ្មានជម្រើសផ្សេងក្រៅពីចូលទៅកាន់កាប់ក្រុមប្រឹក្សានីតិបញ្ញត្តិ ដើម្បីធ្វើពហិការសភានោះទេ»។
ដោយឡែកគណបក្ស DPP ដែលដាគណបក្សមានសំឡេងភាគច្រើនក្នុងសភាឯណោះវិញ បានថ្កោលទោសចំពោះទង្វើនេះ ដោយបាននិយាយថា KMT កំពុងរៀបចំឆាកល្ខោន ដើម្បីកេងចំណេញនយោបាយ។ DPP បានឡើងថា «នេះគ្រាន់តែជាការជាន់ឈ្លីលើសេចក្តីថ្លៃថ្នូរ នៃសមាជិកសភារបស់ខ្លួនប៉ុណ្ណោះ» ។
គួរបញ្ជាក់ថា កោះតៃវ៉ាន់គឺជាប្រទេសប្រជាធិបតេយ្យដ៏មានភាពផុយស្រួយ ខណៈដែលការប្រយុទ្ធ និងការតវ៉ានៅក្នុងសភាមិនមែនជារឿងចម្លែកឡើយ។ ជាក់ស្តែង កាលពីឆ្នាំ២០១៤ កន្លងទៅនេះ និស្សិតរាប់រយនាក់បានកាន់កាប់សភា អស់រយៈពេលជាច្រើនសប្តាហ៍ ក្នុងការតវ៉ាមួយដែលមានឈ្មោះថា «ចលនាផ្កាឈូករ័ត្ន» ដើម្បីទាមទារឲ្យមានតម្លាភាព និងបង្ហាញពីការព្រួយបារម្ភចំពោះឥទ្ធិពលសេដ្ឋកិច្ច និងនយោបាយរបស់ចិនមកលើដែនកោះ ដែលមានប្រជាជនរស់នៅជិត ២៤លាននាក់មួយនេះ៕ដោយ៖ស តារា