សៀមរាប៖មិនមែនទើបតែបច្ចុប្បន្នទេគឺជារឿងយូរណាស់មកហើយចំពោះមុខរបរធ្វើនំបញ្ចុក ជារបរប្រពៃណីមួយ របស់ភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ពលរដ្ឋព្រះដាក់ បានបន្តរបរប្រពៃណីមួយនេះ រហូតមកដល់ទល់សព្វថ្ងៃ ដែលបច្ចុប្បន្នគឺជារបរអាជីពមួយ ក្រៅពីការងារធ្វើស្រែចម្ការ។
នាពេលថ្មីៗនេះលោក ទៀ សីហា អភិបាលខេត្តសៀមរាប បានចុះពិនិត្យសកម្មភាពការងារមួយចំនួននៅក្នុងស្រុកបន្ទាយស្រី និងបានឆ្លងកាត់ភូមិព្រះដាក់ដែលជាភូមិមួយមានភាពល្បីល្បាញនំបញ្ចុកឆ្ងាញ់កាលពីថ្ងៃទី ២៥ ខែ មិថុនា បានកោតសរសើរអ្នកភូមិនេះមិនដាច់ពីមាត់ ចំពោះនំបញ្ចុកប្រកបដោយអនាម័យរបស់ពួកគាត់។ មិនតែប៉ុណ្ណោះ អ្នកភូមិបានរួមចំណែកធំធេង ក្នុងការបង្ហាញវិធីធ្វើនំបញ្ចុក ទៅកាន់ពិភពលោកផងដែរ។
លោកអភិបាលខេត្តសៀមរាប បានបន្តថា របរធ្វើនំបញ្ចុកនេះ បានជួយលើកកម្ពស់ជីវភាពមួយផ្នែករបស់ពលរដ្ឋ ក្នុងពេលដែលវិស័យទេសចរណ៍ខេត្តសៀមរាប រងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារវិបត្តិជំងឺកូវីដ-១៩។
ងាកមកការងារធ្វើស្រែចម្ការ និងបង្កបង្កើនផលវិញ លោក ទៀ សីហា បានស្នើឲ្យប្រជាកសិករ បង្កបង្កើនដោយគោរពទៅតាមបច្ចេកទេសកសិកម្ម ដើម្បីធានាគុណភាពដីស្រែកុំឲ្យរីករឹល ឬខ្សោះជីវជាតិ ដែលនាំឲ្យទន្និផលស្រូវធ្លាក់ចុះ។ លោកអភិបាលខេត្ត បានស្នើដល់ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត ឲ្យយកចិត្តទុកដាក់រកទីផ្សារលក់កសិផល ជូនប្រជាកសិករផងដែរ៕
រូបភាពពី រដ្ឋបាលខេត្តសៀមរាប