ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានប្រើប្រាស់ម៉ាស៊ីនបូមធូលីពីរគ្រឿង ជាអំណោយរបស់ទីក្រុងណាននីង ប្រទេសចិន ដែលជាទីក្រុងចងសម្ព័ន្ធមេត្រីភាព ដើម្បីបូមសំអាតនៅតាមបណ្ដាលផ្លូវមួយចំនួន និងនៅតាមដងផ្លូវនិងសួនច្បារមាត់ទន្លេ នានានៅក្នុងរាជធានីភ្នំពេញ។
ការសាកល្បងម៉ាស៊ីនបូមធូលីខាងលើនេះ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញធ្វើឡើងកាលពីល្ងាចថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ម្សិលមិញនេះ ដោយមានការចូលរួមពីលោកសុខ ពេញវុធ អភិបាលខណ្ឌដូនពេញ និង លោក នួន សំណាវុធ អភិបាលរដ្ឋាករស្វយ័តគ្រប់គ្រងសំរាមនិងកាកសំណល់រឹង រាជធានីភំ្នពេញដើម្បីធ្វើសកម្មភាពបូមធូលី ក្នុងការសាកល្បងជាលើកទីមួយ នៅលើសួនច្បារមាត់ទន្លេ ចាប់ពីមុខផ្សារចាស់ រហូតដល់មុខបរមរាជវាំង ហើយជាក់ស្តែងម៉ាស៊ីននេះពិតជាមានគុណភាព ដែលអាចបូមធូលីបានស្អាតនិងមិនធ្វើឲ្យធូលីហុយផងដែរ។
លោក នួន សំណាវុធ អភិបាលរដ្ឋាករស្វយ័ត បានមានប្រសាសន៍ថា ម៉ាស៊ីនបូមធូលីនេះជាអំណោយរបស់ទីក្រុងណាននីងប្រទេសចិនដែលបានបញ្ជូនមកឲ្យរាជធានីភ្នំពេញស្របពេលដែលទីក្រុងណាននីងផ្តល់បរិក្ខារពេទ្យមួយចំនួនដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ–១៩កាលពីប៉ុន្មានខែកន្លងមកនេះ។ លោកក៏បានបញ្ជាក់បន្ថែមទៀតថា ម៉ាស៊ីនបូមធូលីនេះ គឺអាចបូមសំអាតបាន ៨គីឡូម៉ែត្រក្នុងមួយម៉ោងឬស្មើនឹង១ហិកតាកន្លះក្នុង១ម៉ោង ។
លោក នួន សំណាវុធ បានបញ្ជាក់ថា ម៉ាស៊ីនបូមធូលីនេះ ជាម៉ាស៊ីនប្រើប្រាស់អាគុយ ហើយបើខណ្ឌមួយចំនួនត្រូវការអាចយកទៅប្រើប្រាស់នៅក្នុងមូលដ្ឋានរបស់ខ្លួនបាន៕ដោយ៖ រ៉ារ៉ា