ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០នេះ តាមរយៈសេចក្តីជូនព័ត៌មាន របស់ក្រសួងសុខាភិបាល ប្រកាសឱ្យដឹងថា ៖ មានអ្នកជំងឺកូវីដ១៩ម្នាក់ទៀតហើយ ត្រូវបានព្យាបាលឱ្យជាសះស្បើយឡើងវិញ ក្រោមកិច្ចប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យកម្ពុជា។
បុរសដែលព្យាបាលឱ្យជាសះស្បើយឡើងវិញនេះ ជាជនជាតិឥណ្ឌូនេស៊ី អាយុ ២២ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ក្រសួងសុខាភិបាលបានឱ្យដឹងថា ៖ បន្ទាប់ពីសម្រាកព្យាបាលអស់មួយរយៈ បុរសរូបនេះត្រូវបានពិនិត្យមិនឃើញមានមេរោគកូវីដ១៩ ចំនួនពីរដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីថ្ងៃទី២៨ ខែមិថុនា កន្លងទៅនេះ។
សូមបញ្ជាក់ថា មកដល់ព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០នេះ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩សរុប ១៤១នាក់ , អ្នកជំងឺសរុប ១៣១នាក់ហើយ ត្រូវបានព្យាបាលឱ្យជាសះស្បើយ នៅសល់តែ ១០នាក់ទៀតប៉ុណ្ណោះកំពុងសម្រាកព្យាបាល ក្រោមការយកចិត្តទុកដាក់ខ្ពស់បំផុតពីកងទ័ពអាវសដ៏អង់អាចរបស់កម្ពុជា និងគ្មានអ្នកបាត់បង់ជីវិតឡើយ។
សូមរំលឹកថា៖ ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។
យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ ល។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។
យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ៕
ដោយ៖ សិលា