តោះសិក្សាពីប្រវត្តិ(ដាវដែកកំពង់ស្វាយ)

ចែករំលែក៖

ភ្នំពេញ៖ ចាប់ពីរវាងសតវត្សរ៍ទី១០មក ដែនដីនៃខេត្តកំពង់ធំសព្វថ្ងៃមានឈ្មោះថា “សន្ទុក”។ បើយោងតាម លោកស្រី ពៅ សាវរស ដែលជាសាស្រ្តាចារ្យផ្នែកអក្សរសាស្រ្តខ្មែរបុរាណដ៏ល្បីបានពន្យល់នៅក្នុងវចនានុក្រមខ្មែរចាស់៖ បារាំង-អង់គ្លេស ថា «សន្ទុក» មានន័យថា គឺជាប្រភេទរុក្ខជាតិម្យ៉ាង (សូមមើល Saveros
Pou, 1992, page:477)។
សព្វថ្ងៃ យើងតែងឮរឿងព្រេងមួយដំណាលអំពីប្រវត្តិនៃការហៅឈ្មោះភ្នំសន្ទុក ដែលពោលពីកុលេរាជវង្សមួយមានទុក្ខដោយសារបុត្រីព្រះប្រឈួនរហូតដល់សោយទីវង្គត ទើបហៅភ្នំនេះថា “ភ្នំអាសន្នមានទុក្ខ” ក្រោយមកហៅកាត់ថា “ភ្នំសន្ទុក”។ សូមបញ្ជាក់ថា រឿងព្រេង គឺជារឿងដំណាលចេញពីមាត់មួយទៅមាត់មួយ ឬកើតឡើងពីភាពស្រមើស្រមៃរបស់អ្នកនិពន្ធ ម្ល៉ោះហើយ ប្រសិនបើយើងយករឿងព្រេងនេះមកបកស្រាយពីដំណើរនៃការហៅឈ្មោះសន្ទុកនេះ គឺមិនសមហេតុផលឡើយ ដ្បិតបើគិតទៅលើរឿងព្រេងនេះអាចទើបនឹងកើតឡើងមិនយូរប៉ុន្មានឡើយ ប៉ុន្តែពាក្យ សន្ទុក វាមានយូរលង់មកហើយ។ ពាក្យ “សន្ទុក” មានលេចឡើងនៅក្នុងសិលាចារឹកបុរាណយ៉ាងតិច ៣ ផ្ទាំង គឺសិលាចារឹកប្រាសាទរបងរមាស ខេត្តកំពង់ធំ (K.150), សិលាចារឹកវត្តព្រៃវែង (K.956), សិលាចារឹកប្រាសាទព្រះធាតុខ្វាវ ខេត្តព្រះវិហារ (K.177)។ នៅក្នុងសិលាចារឹកប្រាសាទរបងរមាស K.150 (តំបន់ប្រាសាទសំបូរព្រៃគុក) ស.វ.ទី១១ យើងឃើញគេចារថា «ខ្លោញវិសយសន្ទុក»។ ពាក្យ “ខ្លោញ” មានន័យថា “មេ, អ្នកដឹកនាំ, ឬអាចប្រហាក់ប្រហែលនឹងចៅហ្វាយស្រុក។ ចំណែក ពាក្យ «វិសយ» ជាពាក្យសំស្រ្កឹតបុរាណដែលមានន័យថា តំបន់រដ្ឋបាល ឬដែនដីមួយដែលមានការគ្រប់គ្រងមួយជាក់លាក់ ពោល គឺអាចស្មើនឹងខេត្តសព្វថ្ងៃផងក៏មិនដឹង។ ដូច្នេះ “ខ្លោញវិសយសន្ទុក” អាចមានន័យថា “ចៅហ្វាយស្រុកសន្ទុក”។ ឈ្មោះនេះ បានបន្តប្រើប្រាស់ដល់សម័យកណ្តាលនៅរវាងសតវត្សរ៍ទី១៧នៃគ្រឹស្តសករាជ ដែលគេហៅថា “ខេត្តអាសន្ទុក ឬស្រុកសន្ទុក” (ពាក្យថា “ស្រុក” នៅសម័យកណ្តាលមានន័យស្មើខេត្តសព្វថ្ងៃ)។ ពេលនោះទីប្រជុំជនខេត្តដំបូងស្ថិតនៅភូមិព្រះឥន្រ្ទកុមារ ហើយក្រោយមកលើកទៅភូមិកំពង់ស្វាយវិញ (តាមដងស្ទឹងសែន) ហើយសម្តេចចៅពញាចន្ទរាជា ទ្រង់អនុញ្ញាតឲ្យ ឧកញ៉ាចៅពញា ឧទ័យរាជា ជាចៅហ្វាយស្រុកអាសន្ទុក និងជាមេទ័ពទៀតផង។

តាមព្រះរាជពង្សាវតារបានឲ្យដឹងថា លុះមកដល់រជ្ជកាលរបស់ព្រះបាទស្រីសុរិយោពណ៌ (គ.ស.១៦០៣ – ១៦១៨) ទ្រង់បានចាត់ឲ្យឧកញ៉ាតេជោបុរារាជមាស ឬតេជោមាស ឬហៅថា “ឧកញ៉ាក្រហមក” ធ្វើជាចៅហ្វាយស្រុកអាសន្ទុក (ពីមុនមកគាត់ជាចៅហ្វាយស្រុកសំរោងទង ត្រូវនឹងខេត្តកំពង់ស្ពឺសព្វថ្ងៃ)។ គ្រានោះ ឧកញ៉ាតេជោមាស បានស្នើប្តូរឈ្មោះស្រុកអាសន្ទុក មកជាស្រុក “កំពង់ស្វាយ” វិញ (អ្នកស្រាវជ្រាវខ្លះយល់ថា ពាក្យ “កំពង់” ទំនងជាពាក្យកម្ចីពីភាសាម៉ាឡេស៊ី ដែលមានន័យថាភូមិ ឬតំបន់រដ្ឋបាលមួយ តែសព្វថ្ងៃគេច្រើនគិតថា កំពង់ សំដៅលើទីតាំងមានទឹកជាកំពង់)។ ស្រុក ឬខេត្តកំពង់ស្វាយនៅពេលនោះ មានទំហំផ្ទៃដីធំធេងណាស់ដែលមានព្រំប្រទល់ផែនដីជាប់ដែនដីស្រុកលាវ។ ត្រង់ចំណុចនេះ មានន័យថាកាលពីខេត្តកំពង់ធំមានឈ្មោះថា “កំពង់ស្វាយ” នៅពេលនោះ គឺដែនដីធំធេងខ្លាំងណាស់ដូចបានរៀបរាប់ថាលាតសន្ធឹងដល់ប្រទេសលាវទៀតផង។ ព្រះស្រីសុរិយាពណ៌ ទ្រង់បានឲ្យលោកឧកញ៉ាតេជោមាសគ្រប់គ្រងចៅមឿង (មេស្រុក) ២៤ គឺ ៖
១. មឿងគោកសេះ ៩. មឿងវ៉ារីសែន ១៧. មឿងត្រឡែងកែង
២. មឿងជីក្រែង ១០. មឿងព្រែកក្តី ១៨. មឿងងន
៣. មឿងស្ទោង ១១. មឿងសន្ទុក ១៩. មឿងឈើទាល
៤. មឿងព្រះឃ្លាំង ១២. មឿងកំពង់លែង ២០. មឿងសែន
៥. មឿងព្រហ្មទេព ១៣. មឿងប្រាសាទដប ២១. មឿងសាន-គ
៦. មឿងព្រះខ័ណ្ឌ ១៤. មឿងកោះកែ ២២. មឿងជ័យសម្បូរ
៧. មឿងម្លូព្រៃ ១៥. មឿងត្បែង ២៣. មឿងកំពូលពេជ្រ
៨. មឿងជាំក្សាន្ត ១៦. មឿងពស់រោង ២៤. មឿងព្រះសព។

នៅក្នុងទឹកដីនៃស្រុកកំពង់ស្វាយនៅពេលនោះ មានទាំងជនជាតិខ្មែររស់នៅផង និងជនជាតិកួយរស់នៅក៏ច្រើនដែរ។ ជនជាតិកួយ គឺជាពូជពង្សអ្នកស្លដែកដ៏ពូកែ ដែលគេដឹងថាផលិតផលដែកទាំងអម្បាលម៉ានសម្រាប់ប្រើប្រាស់នៅសម័យបុរាណ គឺសុទ្ធសឹងស្លសម្រាប់ផលិតជាឧបករណ៍ប្រើប្រាស់គ្រប់មុខដោយជនជាតិកួយ។ មុននឹងស្លជាដែកបាន គឺគេត្រូវកាត់ថ្មភ្នំដែលមានរ៉ែដែកយកមកស្លក្នុងគុកចង្រ្កានដែលហៅថា “សន្លុង” ក្នុងសីតុណ្ហភាពយ៉ាងតិច ៣០០០អង្សាសេ ទើបរលាយក្លាយជាដែក។ ហើយភ្នំដែលគេស្គាល់ថាថ្មមានជាតិរ៉ែដែកច្រើននោះគឺ ភ្នំដែក ស្ថិតនៅក្នុងស្រុករវៀង ខេត្តព្រះវិហារសព្វថ្ងៃ និងជាអតីតដែនដីនៃខេត្តកំពង់ស្វាយដែរ។ ក្នុងនោះអ្វីដែលពិសេសបំផុតនៃផលិតផលដែកនោះគឺ ដាវ ដែលជាអាវុធមួយប្រភេទ យ៉ាងមានសារះសំខាន់សម្រាប់ប្រើប្រាស់ក្នុងសឹកសង្រ្គាមនាសម័យបុរាណ។ ការផលិតដាវដែកដោយជនជាតិកួយនៅស្រុកកំពង់ស្វាយ មានភាពល្បីរន្ទឺខ្លាំងណាស់ ដ្បិតដែកដែលយកមកធ្វើជាដាវមានគុណភាពល្អប្រសើរណាស់។ ហេតុដូច្នេះហើយ បានជាយើងឮតាមបទចម្រៀងមង្គលការថា
“ដាវអើយដាវដែក ដាវល្អចម្លែក ដាវដែកកំពង់ស្វាយ ផ្លែកេរពីឪពុក ស្រោមកេរពីម្តាយ ដាវដែកកំពង់ស្វាយ កំចាយអស់មារសត្រូវ”។

ពោល គឺមានន័យថា ដោយសារតែដាវ ដែលផលិតនៅខេត្តកំពង់ស្វាយមានគុណភាពល្អ ទើបបានជាអ្នកនិពន្ធចាប់អារម្មណ៍តាក់តែងជាបទចម្រៀងឡើង។ សព្វថ្ងៃនេះ យើងបានឃើញសន្លុងស្លដែកបុរាណជាច្រើនកន្លែងនៅក្នុងខេត្តព្រះវិហារ និងខេត្តកំពង់ធំ ដែលសុទ្ធសឹងជាអតីតដែនដីរបស់ខេត្តកំពង់ស្វាយ ព្រោះឈ្មោះថា “ខេត្តកំពង់ធំ” ទើបនឹងមានប្រើប្រាស់ជាផ្លូវការនៅសម័យបារាំងតែប៉ុណ្ណោះ (Résident de Kompong Thom)។ ជាងនេះទៅទៀត សព្វថ្ងៃគេឃើញមានពិធីសែនដែកនៅតែប្រារព្ធឡើងជារៀងរាល់ឆ្នាំរបស់បងប្អូនជនជាតិកួយនៅភូមិវាលវែង ស្រុកប្រាសាទសំបូរ ហើយសម្ភារៈសម្រាប់សែនរួមមាន៖ ដាវ កាំបិត ដឹង កណ្តៀវ ចបជីក…..។

តាមការសិក្សាស្រាវជ្រាវកន្លងមកបានឲ្យដឹងថា ដើម្បីធ្វើដាវពិសិដ្ឋគេចាំបាច់ត្រូវយកផលដែកដែលស្លបានពីសន្លុងចំនួន ៧ មកដំ ឬស្មិតរួមគ្នាបង្កើតបានជាដាវពិសិដ្ឋ។ នៅពេលស្លដែកសម្រាប់ធ្វើដាវពិសិដ្ឋ សន្លុងនីមួយៗត្រូវមានអ្នកមើលការខុសត្រូវម្នាក់ដែលគេហៅថា “ឆាយ” នៅគ្រប់គ្រងដំណើរការនៃការស្លដែកតាំងពីដើមរហូតដល់ចប់។ នៅពេលស្លដែកនោះដែរ គឺមានក្រមុំព្រហ្មចារីយ៍នៅបកស្រូវយកអង្ករដាំបាយឲ្យឆាយពិសារ ដ្បិតគេតំណមថា ឆាយ មិនអាចពិសារបាយជាមួយស្រូវធម្មតាទេ។ ក្បួនធ្វើដាវមង្គលតាមក្បួនបុរាណធ្វើខ្នាត ៧ ចាប់ (៧ ក្នុងន័យនេះមានន័យថាជោគជ័យ ជ័យជំនះ ដែល ៧ ចាប់នោះរួមមាន ចាប់ដង, រងឆែង, វែងទង, រងសម្បត្តិ, ផាត់នគរ, វរជ័យ, ជ័យមានលាភ)។ ដូច្នោះហើយ អ្វីៗក៏ត្រូវមាន ៧ រង្វាស់ ចាប់ ៕

...

ប្រភព៖ Culture and Art’s

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print