ភ្នំពេញ៖ នៅរសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ នេះ ប្រជាពលរដ្ឋបានលើកឡើងថា មហាវិថីឈ្នះ=ឈ្នះ ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ សម្បូរទៅដោយរណ្តៅដីធំៗជាច្រើនកន្លែង នាំឱ្យការដឹកជញ្ជូនដីមានសកម្មភាពដូចហែកឋិនដូច្នេះដែរ ។
ប៉ុន្តែអ្វីជាចំណុចក្តៅគគុកនោះ គឺមហាវិថីឈ្នះ=ឈ្នះពេលនេះស្ទើរក្លាយជាទីលានប្រណាំងឡានរបស់ពពួកឡានដឹកដីធំៗទៅហើយ ដោយការបើកបរលឿនៗ ប្រជែងគ្នាក្នុងស្ថានភាពគ្រោះថ្នាក់ ធ្វើឱ្យអ្នកបើកបរដទៃទៀតនិងប្រជាពលរដ្ឋនៅក្បែរនោះ មានការភ័យខ្លាចជាខ្លាំង ។
ស្ត្រីម្នាក់ដែលនៅទល់មុខរណ្តៅដីដ៏ធំមួយ បានថ្លែងប្រាប់ថា រាល់ថ្ងៃពួកគាត់មានការលំបាកខ្លាំងនិងភ័យខ្លាចខ្លាំងណាស់ ព្រោះតែឡានដឹកដីធំៗបើកបរលឿនៗ ប្រជែងគ្នាធ្វើហុយដីស្ទើរតែរកកន្លែងហូបបាយមិនបានផង ។
គាត់លើកឡើងទៀតថា ពួកគាត់ធ្លាប់បានប្តឹងទៅអាជ្ញាធរមូលដ្ឋានដែរ តែហាក់ដូចជាគ្មានប្រសិទ្ធភាពទាល់តែសោះ ដូច្នេះមានតែតាមដំណើរទៅចុះ ។
រូបភាពជាក់ស្តែង ដែលក្រុមការងារថតបានដោយផ្ទាល់នារសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០នេះ គឺយើងសង្កេតឃើញថា ឡានដឹកដីទាំងនេះ ច្រើនគ្រឿងមែនទែន ហើយការបើកបរ ក្នុងល្បឿនលឿន និងបើកជែងគ្នាក្នុងសភាពគ្រោះថ្នាក់បំផុត ។
បញ្ហានេះ សង្ឃឹមថា អាជ្ញាធរពាក់ព័ន្ធនឹងមានវិធានការដើម្បីសេចក្តីសុខរបស់ប្រជាពលរដ្ឋ ៕
ដោយ៖ ចេស្តា