ក្លឹបជើងខ្លាំងអ៊ីតាលីបានបញ្ជាក់ថា កីឡាករ Achraf Hakimi បានចូលរួមជាមួយក្រុម Inter Milan ក្នុងការផ្លាស់ប្តូរជាអចិន្រ្តៃយ៍ពីក្លឹប Real Madrid ។ កីឡាករវ័យ២១ឆ្នាំរូបនេះត្រូវបានក្លឹបជើងខ្លាំងនៅអ៊ីតាលីក្រោមការដឹកនាំរបស់លោក លោក Antonio Conte មួយនេះបានចំណាយលុយប្រមាណ៤០លានផោនក្នុងការចុះកុងត្រារយៈពេល៥ឆ្នាំ។
សេចក្តីថ្លែងការណ៍មួយដែលចេញដោយក្លឹបរៀលម៉ាឌ្រីដបានសរសេរថា “ក្លឹបចង់អរគុណដល់ Achraf Hakimi ចំពោះការលះបង់អាជីព និងអាកប្បកិរិយាគំរូជាច្រើនឆ្នាំចាប់តាំងពីគាត់បានចូលហ្វឹកហាត់កាលពីនៅក្លឹបយុជនរបស់យើងក្នុងឆ្នាំ ២០០៦ ហើយសូមជូនពរឱ្យគាត់មានសំណាងល្អក្នុងដំណាក់កាលថ្មីរបស់គាត់” ។
ការចំណាយលុយដ៏ច្រើនរបស់ក្លឹប Inter Milan ទៅលើកីឡាករមួយនេះត្រូវបានអ្នកចាត់ការទូទៅលោក Conte ទទួលស្គាល់ថា ដើម្បីយកមកបំពេញតំបន់ការពារដែលក្លឹបកំពុងមាន Ashley Young, Victor Moses, Antonio Candreva, Cristiano Biraghi និង Kwadwo Asamoah ជាជម្រើសដំបូងក្នុងរដូវកាលឆ្នាំ២០១៩-២០២០នេះ ។
គួររំលឹកថា កីឡាករ Achraf Hakimiធ្លាប់នៅលេងនៅក្លឹប Real Madrid តាំងពីឆ្នាំ២០០៦។ កីឡាករអន្តរជាតិម៉ារ៉ុករូបនេះបានចំណាយពេល២រដូវកាលចុងក្រោយក្នុងការខ្ចីជើង រយៈពេល២ឆ្នាំនៅឯក្លឹប Borussia Dortmund ដែលជាក្រុមមានមូលដ្ឋាននៅលីកកំពូលអាល្លឺម៉ង់ Bundesliga ។ នៅលីកកំពូលអាល្លឺម៉ង់មួយនេះ Hakimi រកបាន១០គ្រាប់ដែលជាខ្សែការពារដែល រកគ្រាប់បាល់បានល្អបំផុតផងដែរ ៕
ដោយ៖ ភារៈ