ភ្នំពេញ ៖ បញ្ហាលំបាកដូចជាផ្លូវ លូ ថ្លៃសំរាមជាដើមត្រូវបានប្រជាពលរដ្ឋចំនួន ៧នាក់បានសំណូមពរដោយផ្ទាល់មាត់ និងចំនួន៨នាក់ទៀតសរសេរជាលិខិត ក្នុនាមជាអ្នកតំណាងឱ្យប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ចំនួន២ រួមមានសង្កាត់ទួលទំពូង១ និងសង្កាត់ទួលទំពូង២ បាននាំគ្នាលើកជាសំណូមពរឲ្យអាជ្ញាធរខណ្ឌដោះស្រាយរឿងសណ្តាប់ធ្នាប់សាធារណៈ បញ្ហាជួសជុលផ្លូវ បញ្ហាជួសជុលលូ និងបញ្ហាបង់ថ្លៃសំរាម និងការងារអភិវឌ្ឍន៍មូលដ្ឋាន ប៉ុន្តែការឆ្លើយតបមកវិញពីសំណាក់អាជ្ញាធរបានសន្យាថានិឹងទទួលយកសំណូមពរទាំងអស់ទៅធ្វើការដោះស្រាយជូនប្រជាពលរដ្ឋ ។
ចំពោះសំណូមពររបស់ប្រជាពលរដ្ឋនេះ គឺបានលើកឡើងនៅក្នុងពិធីផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌចំការមន នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ ដោយមានការចូលរួមពីលោក ព្រុំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌ , លោក ថេង សុថុល អភិបាលខណ្ឌចំការមន និងមានការចូលរួមពីលោកចៅសង្កាត់ មន្ត្រីសាលាខណ្ឌ រួមជាមួយប្រជាពលរដ្ឋមកពីសង្កាត់២ផងដែរ ។
ក្នុងពិធីនេះក៏មានការចូលរួមពីគណៈអភិបាលខណ្ឌ នាយក-នាយករងរដ្ឋបាលខណ្ឌ តំណាងព្រះចៅអធិការវត្តទួលទំពូង មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ អធិការនគរបាលខណ្ឌ លោក-លោកស្រីប្រធាន-អនុប្រធានការិយាល័យ-អង្គភាពទាំង១១ លោក-លោកស្រីក្រុមប្រឹក្សាសង្កាត់ នាយប៉ុស្ដិ៍នគរបាលសង្កាត់ ស្មៀន មេភូមិ ប្រជាពលរដ្ឋសង្កាត់ទួលទំពូងទី១ និងទួលទំពូងទី២ និងមន្ត្រីពាក់ព័ន្ធ (ប្រជាពលរដ្ឋចូលរួមចំនួន ៥៦ នាក់ ក្នុងនោះមានស្រី១៤នាក់)។
ទន្ទឹមនឹងការលើកឡើងរបស់ពលរដ្ឋ អភិបាលខណ្ឌចំការមន លោក ថេង សុថុល បានលើកឡើងថា ទុក្ខកង្វល់របស់ពលរដ្ឋ ក៏ដូចជាទុក្ខកង្វល់របស់អាជ្ញាធរដែរ ហើយលោកនឹងយកសំណើខាងលើនេះទៅពិគ្រោះ រិះរកមធ្យោបាយ ដាក់បទបញ្ជា ធ្វើយ៉ាងណាដោះស្រាយជូនពលរដ្ឋឲ្យបានស្អាត និងបង្ការមិនឲ្យបញ្ហាកើតមានឡើងតទៀតនោះឡើយ ។ លោកអភិបាលខណ្ឌបានសំណូមពរដល់ពលរដ្ឋទាំងអស់មេត្តាជួយផ្ដល់ព័ត៌មានជាបន្ទាន់ដល់អាជ្ញាធរ បើសិនជាមានបញ្ហាកង្វល់អ្វីទៀតនោះ ជាពិសេសសូមបងប្អូនចូលរួមអភិវឌ្ឍ និងថែទាំបរិស្ថានទាំងអស់គ្នា ព្រោះបរិស្ថានស្អាតផ្ដើមចេញពីពលរដ្ឋអ្នកចូលរួម ទើបស្អាតទាំងអស់គ្នា។ចុងក្រោយលោកអភិបាល ខណ្ឌសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមអនុវត្តតាមប្រកាសរាជរដ្ឋាភិបាលនិងមន្ទីរសុខាភិបាលក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ទាំងអស់គ្នា ថែរក្សាអនាម័យមុននិងក្រោយហូបចំណីអាហារលាងដៃនិឹងសាប៊ូហើយនិងអាល់កុលដែលលាយតាមស្តង់ដារបស់ក្រសួងណែនាំ ហាមយកដៃមិនស្អាតប៉ះភ្នែកច្រមុះព្រោះវាជាមេរោគងាយចម្លងណាស់ ហើយសំខាន់សូមកុំមានការជួបជុំណាមួយជាក្រុមឱ្យសោះនិងចាកចេញទៅណាកុំភ្លេចពាក់ម៉ាស់ដើម្បីការពារពេលនិយាយឆ្លើយឆ្លងគ្នាផង ។
ប្រជាពលរដ្ឋដែលចូលរួមក្នុងពិធីផ្សព្វផ្សាយខាងលើបានអរគុណដល់អាជ្ញាធររួមនិឹងកងកម្លាំងសមត្ថកិច្ចទាំងអស់ដែលបានការពារមិនថាយប់ថ្ងៃបញ្ចេញកម្លាំងល្បាតពួនស្ទាក់ការពារបទល្មើសផ្សេងៗដូចជាអំពើឆក់ប្លន់ ករណីគាស់ផ្ទះជាដើម។សព្វថ្ងៃសមត្ថកិច្ចធ្វើបានល្អប្រសើរច្រើនហើយនិងសូមបន្តជួយត្រួតពិនិត្យលើជនអនាថាប្រើគ្រឿងញៀនតាមផ្លូវសាធារណ:និងក្នុងបរិវេណវត្តទួលទំពូងគឺតែងតែមចូលមកស្នាក់នៅប្រមូលផ្ដុំគ្នាជក់គ្រឿងញៀន តែឧស្សាហ៍ឃើញអាជ្ញាធរឃាត់បញ្ជូនទៅមន្ទីរសង្គមកិច្ចញឹកដែរ ៕